ភ្នំពេញ៖ ប្រិយមិត្ត និងមហាជនជាច្រើន បានដឹងហើយ ចំពោះករណីផ្ទុះអាវុធដោយម្ចាស់រថយន្ត Roll-Royce បានដកកាំភ្លើងបាញ់ទៅលើកង់បី១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោងជាង ១០ យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ261 ទល់មុខហាង Dominos Pizza សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់កើតហេតុនោះ គឺមានរថយន្តស៊េរីទំនើប២គ្រឿង ក្នុងនោះ១គ្រឿងម៉ាក Rolls-Royce ពណ៌សនិង១គ្រឿងទៀតម៉ាក Lexus LX570 ពណ៌ខ្មៅ (មិនចាំស្លាកលេខ) បានផ្ទុះកំហឹងនឹងកង់បី (PassApp) ១គ្រឿង ជិះកាត់ពីមុខរថយន្តពួកគេ ហើយស៊ីផ្លេមិនចេញ។ បន្ទាប់មក ពួកគេក៏ចុះពីរថយន្តទៅស្តីឲ្យ និងចង់បង្កហឹង្សាវាយតប់គ្នាទៀតផង ប៉ុន្តែ ដោយសារតែមានមនុស្សច្រើនជួយឃាត់កុំឲ្យប្រើអំពើហិង្សា ពួកគេក៏បានឡើងរថយន្តជិះចេញទៅ។
ប្រភពបន្តថា ដោយសារតែអ្នករត់កង់បីឥណ្ឌា ក៏មិនណយ ក៏បានបើកកង់បីដេញតាមបន្តរករឿងម្ចាស់រថយន្តស៊េរីទំនើបទាំង២គ្រឿងនោះ ជាហេតុធ្វើឲ្យពួកគេទ្រាំពុំបានក៏ដកកាំភ្លើងបាញ់កង់បីនោះជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងយប់។ តែយ៉ាងណា ក្រោយពេលបាញ់រួច រថយន្តស៊េរីទំនើបទាំងគ្រឿងនោះបានបើកចាកចេញពីកន្លែងកើតហេតុបាត់ទៅហើយ។
ដោយឡែក ឧត្តមសេនីយ៍ ទី ចំរើនកុសល ក្រោយពីបានឃើញករណីនេះបានកើតឡើងបែបនេះ លោកក៏បានបញ្ចេញមតិលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរត់ម៉ូតូកង់បីដាក់កាម៉េរ៉ាសុវត្ថិភាពដើម្បីថតរូបភាពរាល់បាតុភាពកើតឡើងបែបនេះ ដើម្បីជាជំនួយដល់ការស្រាវជ្រាវរបស់សមត្ថកិច្ច។ ប៉ុន្តែក៏សំណូមពរដល់បងប្អូនរត់កង់បីត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកាន់ជួរបន្ទាត់ឲ្យបានត្រឹមត្រូវ និងវ៉ាជែងប្រកបដោយការប្រយ័ត្នប្រយ៉ែងជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ»៕ ដោយ៖ លឹមហុង