ខេត្តព្រះសីហនុ៖ ទង្វើនៃសកម្មភាពដ៏គំរូរបស់បងនគរបាលនគរបាលចរាចរណ៍ខេត្តព្រះសីហនុម្នាក់ ដែលពុំត្រឹមតែចុះអន្តរាគមន៍ប៉ុណ្ណោះទេ តែថែមទាំងជួយយកអាសាដឹកជនរងគ្រោះទាំងម្តាយនិងកូន ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស បានធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងតែម្តង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ឡេង ប៊ុននី Leng Bunny បានបង្ហោះវីដេអូ ដោយភ្ជាប់សារលើកឡើងយ៉ាងដូច្នេះថា៖ «សកម្មភាពប្រជាពលរដ្ឋថតបាន និងថ្លែងអំណរគុណដល់នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានអន្តរាគមន៍ដឹកឣ្នករងគ្រោះ២នាក់ ម្តាយនិងកូនដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថានេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីជាមួយម៉ូតូនៅផ្លូវបំបែកចូលផ្សារលើ តាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៨ ព្រឹកថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០»។
យ៉ាងណាមិញ ក្រោយពីបានឃើញសកម្មភាពដ៏ប្រពៃបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ក៏បានផ្ទុះការកោតសរសើរថា៖ «ខ្ញុំធ្លាប់ជិះប៉ះពារគ្នា គាត់មកដោះស្រាយឲ្យដោយស្មើភាព ហើយមិនទទួលយកប្រយោជន៍អីទេ ពិតជាប៉ូលិសបម្រើប្រជាជនមែន, សូមសរសើរ ដល់នាយនគរបាលដែលចេះយកអាសាដល់ប្រជាពលរដ្ឋ តើមានប៉ុន្មាននាក់ទៅន៎ស្រុកខ្មែរដែលមានប៉ូលិសល្អបែបនេះ ប្រទេសយើងចង់មានអ៊ីចឹង…»៕ ដោយ៖ លឹម ហុង