ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ដល់ផ្លូវកោងក៏ជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង ០០ នាទីយប់ថ្ងៃសុក្រទី ៣០ ខែតុលាឆ្នាំ ២០២០ ស្តិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមាន សុ ភ័ក្ដ្រ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅម្ដុំផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានប្រពន្ធនិងកូន៤នាក់ (ប្រុសម្នាក់, ស្រី៣នាក់) ក្នុងបន្ទុក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូកុំម៉ាកឃ្លីកពាក់ផ្លាកលេខ ភ្នំពេញ 1-IJ 7226 ធ្វើដំណើក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងទ្រូងនាគពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចុះមកដល់ និងធ្វើកំណត់ហេតុប្រគល់ម៉ូតូជូនឱ្យក្រុមគ្រួសារ និងសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សា មេត