កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះសារព័ត៌មាន ដែលបានចុះផ្សាយមានខ្លឹមសារថា «ល្បែងកន្ទុយលេខវៀតណាមកំពុងដុះរីកដូចផ្សិត នៅឃុំកំពង់ចំលង សង្ស័យជាឆ្នាំងបាយទើបមិនហ៊ានបង្ក្រាប»។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី លោកអធិការនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំលង ចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម នៅចំណុចផ្ទះរបស់ឈ្មោះ ជួរ ជាវ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីសមត្ថកិច្ចធ្វើការបង្ក្រាបឈ្មោះ ជួរ ជាវ ដឹងខ្លួនមុនបានគេចបាត់ពីផ្ទះ។ បន្ទាប់មកសមត្ថកិច្ចបានហៅឈ្មោះ លឹម ជួរ ភេទប្រុស អាយុ៧៤ឆ្នាំ ជាឪពុករបស់ឈ្មោះ ជួរ ជាវ មកធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំលង ឈប់ផ្តល់ទីតាំងឱ្យកូនកត់កន្ទុយលេខខុសច្បាប់បន្តទៀត។ ចំណែកឈ្មោះ ជួរ ជាវ សមត្ថកិច្ចនិងបន្តស្រាវជ្រាវអនុវត្តជំនាញ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសមត្ថកិច្ចពាក់ព័ន្ធ សូមអរគុណដល់សារព័ត៌មាន ដែលតែងតែផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ផ្សេងៗក្នុងន័យស្ថាបនាជួយឱ្យភូមិ ឃុំមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អបន្ថែមទៀត៕
ដោយ៖បញ្ញាស័ក្តិ