កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លាប់ ហើយសាកសពត្រូវបានក្រុមគ្រួសារប្រទះឃើញ កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ។ ករណីនេះត្រូវបានគេដាក់ការសង្ស័យថា ជាករណីប្លន់ឬរំលោភសម្លាប់បំបិតមាត់។ ជនរងគ្រោះឈ្មោះ ហ៊ន ណាវី អាយុជាង២០ឆ្នាំនិងមានទីលំនៅក្នុងភូមិ ឃុំខាងលើ ។
បុរសឈ្មោះ ហង្ស ស្រុង អាយុ៤៤ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនស្រីគាត់ឈ្មោះ ហ៊ន ណាវី អាយុជាង២០ឆ្នាំ នាងបានរៀបការជាមួយបុរសម្នាក់ឈ្មោះ ជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រីស្រុកជលគីរី កាលពីឆ្នាំកន្លងទៅ មានកូនម្នាក់ អាយុ៦ខែ ។
បុរសជាឪពុកបានអោយដឹងបន្តថា កាលពីពេលថ្មីៗនេះ កូនប្រសារគាត់ បានទាស់សំដីជាមួយគាត់ ហើយក៏រត់ទៅផ្ទះរបស់គេនៅភូមិព្រៃគ្រីបាត់ទៅ ។ ហើយនៅថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១២ កុម្ភៈ កូនស្រីគាត់បានទុកកូនតូច៦ខែឱ្យក្មួយមើល ដោយប្រាប់ថា ទៅផ្ទះយាយមួយភ្លែត ហើយក៏ជិះម៉ូតូទៅផ្ទះយាយ ដែលមានចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះគាត់ ។ ពេលទៅដល់ផ្ទះយាយ កូនស្រីគាត់បានផ្ញើម៉ូតូនិងគេ រួចក៏ជិះទូកឆ្លងទន្លេ មកត្រើយម្ខាង ហើយក៏បាត់ខ្លួនរហូត ។
បុរសជាឪពុកបានបញ្ជាក់ទៀតថា នៅម៉ោង១១ព្រឹក ពេលគាត់មកពីស្រែវិញ មិនឃើញកូនស្រីឃើញតែចៅយំពេញផ្ទះ ពេលសួរក្មួយប្រាប់ថា កូនស្រីគាត់ជិះម៉ូតូទៅផ្ទះយាយ មានគេទូរសព្ទ័មកហៅគាត់ ។ ពេលនោះគាត់ក៏បានទៅរកនៅផ្ទះយាយ តែរកមិនឃើញ ឃើញតែម៉ូតូ និងពេលទូរសព្ទ័ចូល តែគ្មានអ្នកលើកទៀត ទើបមានការសង្ស័យ នាំគ្នាដើររកពេញមួយថ្ងៃ រហូតដល់ម៉ោងជាង៧យប់ទើបប្រទះឃើញកូនស្រីស្លាប់ដោយត្រូវគេអារ.កតែម្តង ។
បុរសជាឪពុកបានអោយដឹងថា នៅជាប់ខ្លួនកូនស្រីគាត់មានខ្យែ.កមាស៥ជី, កងដៃផ្លាកទីន១តម្លឹង ក្រវិលផ្លាកទីន១ជី ចិញ្ចៀន១ជី និង ប្រាក់២០ម៉ឺនរៀលផងដែរ។
នៅព្រឹកថ្ងៃទី១៣ កុម្ភៈ សមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសាកសពស្ត្រីរងគ្រោះនៅកន្លែងកើតហេតុ ប្រទះឃើញមានទូរស័ព្ទរបស់ស្ត្រីរងគ្រោះមួយគ្រឿង កូនកាំបិតដងលឿង១ ។ រីឯសាកសពស្ត្រីរងគ្រោះ ត្រូវជនពុំស្គាល់មុខអារ.កសម្លាប់ និងមានស្នាមឈាមក្នុងប្រដាប់ភេទផងដែរ៕ ដោយ៖ ចៅ សន