បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរស៣នាក់ជួញដូររក្សាទុក ថ្នាំម៉ាទឹកកក០៧ថង់ ម៉ូតូមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ បានធ្វើឡើង កាលពីម៉ោង១៤និង៥០នាទីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចភូមិតាស៊ង ឃុំបាដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ៣នាក់ ដែលចាប់ឃាត់ខ្លួនទី១ឈ្មោះថន សុភណ្ឌហៅម៉ៅ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងឈ្មោះឈួន ចាន់រ៉ុងហៅប្រុស ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិឆកពោធិ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៣ថង់ ម៉ូតូមួយគ្រឿង កាំបិតមួយនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៤និង៥០នាទីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចភូមិតាស៊ង ឃុំបាដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយពីសាកសួរឈ្មោះថន សុភណ្ឌហៅម៉ៅ និងឈ្មោះឈួន ចាន់រ៉ុងហៅប្រុស ហើយកម្លាំងបានឈានទៅចាប់ឈ្មោះយឿន ដារ៉ាហៅពេទ្យ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៥និង៥០នាទី ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចភូមិតាស៊ង ឃុំបាដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៤ថង់ និងសម្ភារពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ