ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានអោយដឹងថា មានករណីបុរសម្នាក់ត្រូវជាប្តីចុង ស្ត្រីរងគ្រោះបានបាញ់សម្លាប់ប្រពន្ធ អាចទំនងជាដោយសារភ្លើងប្រច័ណ្ឌ រួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ៨ យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិស្មាច់មានជ័យ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពពីកម្លាំងសមត្តកិច្ចនគរបាលខេត្តកោះកុង បានអោយដឹងថា ជនរងគ្រោះត្រូវគ្រាប់កាំភ្លើង Ak47 ចំនួន ២គ្រាប់ ចំដើមទ្រូងនិងបេះដូងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកប្អូនស្រីជនរងគ្រោះបានអោយដឹងដែរថា ស្ត្រីរងគ្រោះដល់អាយុជីវិតមានឈ្មោះ ហាន ធឿន អាយុ ៥០ឆ្នាំ រីឯជនដៃដល់ ឈ្មោះ សេង វិបុល អាយុជាង ៥០ឆ្នាំ ត្រូវជាប្តីចុង មានរបរជាកម្មករ អារឈើ។
បច្ចុប្បន្ននេះ កម្លាំងនគរបាលខេត្តកោះកុង កំពុងចុះស្រាវជ្រាវ លើករណីឃាតកម្មនេះ ដើម្បីឈានទៅនាំខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕ ដែន សីមា