ភ្នំពេញ៖ បច្ចុប្បន្ន កង់បីឥណ្ឌា ឬ PassApp គឺជាមធ្យោបាយដឹកជញ្ជូនមួយដ៏ពេញនិយមខ្លាំងបំផុត សម្រាប់អ្នកធ្វើដំណើរ ព្រោះថាបានផ្តល់ពុំត្រឹមតែសេវារហ័សទាន់ចិត្តប៉ុណ្ណោះទេ គឺថែមទាំងតម្លៃក៏សមរម្យទៀតផង។ តែទោះយ៉ាងណា មហាជនក៏បានធ្វើការរិះគន់ជាខ្លាំងផងដែរ ចំពោះអ្នករត់ PassApp មួយចំនួន ដែលពុំត្រឹមបើកបរមិនគោរពច្បាប់ប្រសេចប្រសាចពេញដងផ្លូវប៉ុណ្ណោះទេ គឺថែមទាំងបើកឈ្លើយលឿនៗទៀតផង ដែលបង្កឲ្យមានការប៉ះពារគេឯងកើតមានគ្រោះថ្នាក់ជាញឹកញាប់។
បើទោះជាមានការរិះគន់កាលពីពេលកន្លងៗមក អំពីរឿងបើកបរប្រវេចប្រសាចពេញដងផ្លូវយ៉ាងណា ក៏ទង្វើក្រុមបើកកង់បីព្រហើនៗនៅតែបន្តធ្វើឡើងដដែល ដោយពុំយកត្រចៀកស្តាប់ការណែនាំពីមហាជន ឬ គិតពីផលប៉ះពាល់នាំទុក្ខដល់ខ្លួននោះឡើយ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នករត់បីឥណ្ឌាម្នាក់ដែលគេបានអះអាងថាជាជនពិការស្វិតជើង ដោយមិនដឹងថា គាត់បើកបររបៀបម៉េចទេ បានបើកប៉ះរថយន្តស៊េរីទំនើប ៥៧០ បណ្តាលឲ្យឆ្កូតដាច់ថ្នាំ និងរងការខូចខាតកំពិតស្រាលមួយចំនួន នៅក្នុងបុរីអ័រគីដេ វីឡាអូរបែកខ្អម ដែលធ្វើឲ្យម្ចាស់រថយន្តនោះទារសំណងរហូត ៣ ពាន់ដុល្លារ។
តែយ៉ាងណា ការទារសំណងនេះ ត្រូវបានមហាជនជាច្រើនបានបង្ហាញការមិនពេញចិត្តនោះទេ ព្រោះទារសំណងនេះច្រើនហួសប្រមាណពេកហើយៗ គ្នាជាជនពិការទៀត។ ប៉ុន្តែ ទន្ទឹមនេះផងដែរ ក៏មានមហាជនមួយចំនួន លើកយករឿងនេះមកភ្ជាប់ពីទង្វើបើកបរឈ្លើយៗរបស់អ្នករត់ PassApp មួយចំនួនថា «បើកបរឈ្លើយៗណាស់ ដល់ពេលប៉ះគេ តាំងលើកដៃសំពះ យំអង្វរ»។
ទាក់ទងនឹងករណីខាងលើនេះ ក៏បានធ្វើឲ្យលោក ផែង វណ្ណៈ ចាប់អារម្មណ៍ ហើយទ្រាំពុំបានក៏ដាក់ឲ្យធ្ងន់ៗទៅកាន់ក្រុមអធិរាជលើដងផ្លូវយ៉ាងដូច្នេះថា៖ «អធិរាជលើ ដងផ្លូវ ភាគច្រើនបើកបរមិនគោរពគន្លងផ្លូវរបស់ខ្លួនទេ គឺជ្រែពេញផ្លូវ។ ភាគតិចណាស់ ដែលបើកបរគោរពច្បាប់។ មានតែ អ្នកធ្វើ ដំណើរលើដងផ្លូវទេ ទើបឃើញសកម្មភាពរាល់ថ្ងៃ របស់ក្រុមអធិរាជលើដងផ្លូវ។ បើ មានរថយន្តប៉ះគាត់ ក្រុមគាត់ឡើងអាយកូម ហៅគ្នាមកព័ទ្ធតែម្ដង ។
តែបើក្រុមគាត់ប៉ះរថយន្តអាងអីសុំទោស អាងអីខ្ញុំក្របើម្ចាស់រថយន្តទាមទារសំណង អាងអីយកទៅ បង្ហោះហ្វេសប៊ុកថា អ្នកមានធ្វើបាបអ្នកក្រ ដើម្បីទាក់ទាញការអាណិតពីមហាជន តាមបណ្ដាញសង្គមហ្វេសប៊ុក។ តែត្រង់ខ្លួនឯង បើកបរព្រហើន ទៅបុកគេអត់លើកយកមកនិយាយទេ។ ចំណែកអ្នកចូលមកខមមិនក៏អ៊ីចឹងដែរ មិនគិតពីទ្រព្យគេទេ មិនគិតពីខុសត្រូវទេ គិតតែចោទអ្នកមានធ្វើ បាបអ្នកក្រ។ ថ្ងៃក្រោយ ពេលអាកង់បីបុកចំរថយន្ត អ្នកខមមិន និងទើបយល់ពីអារម្មណ៍ម្ចាស់ស្រឡាញ់រថយន្ដរបស់គេប៉ុនណា ។ មិនប៉ះមិនទាន់ដឹងឈឺទេ ប៉ះម្ដងបានដឹងថាយ៉ាងម៉េច »៕ ដោយ៖ លឹម ហុង