រាជធានីភ្នំពេញ៖ ដោយសង្កេតឃើញនូវ សារព័ត៌មាន Online ឈ្មោះ VOP News TV បានផ្សាយផ្ទាល់ដោយមានអត្ថន័យ វាយប្រហារ និងចោទប្រកាន់មកលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទាក់ទងនឹងករណីឈ្មោះ ងិន លក្ខិណា ដែលគាត់ត្រូវបានក្រុមហ៊ុន TrueMoney ប្តឹងទាក់ទងនឹងការផ្សាយផ្ទាល់តាមប្រព័ន្ធសង្គម (Facebook live) បរិហារកេរ្តិ៍ ក្រុមហ៊ុន TrueMoney និងបុគ្គលិក TrueMoney ថាបានលួចលុយរបស់ខ្លួន ចំនួន ១០,០០០ ដុល្លារ។ ជាងនេះទៅទៀតនៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានផ្សាយផ្ទាល់ (Facebook live) តាមសារព័ត៌មាន Online ឈ្មោះ VOP News TV បរិហារមួលបង្កាច់សមត្ថកិច្ច និងចោទប្រកាន់គ្មានមូលដ្ឋានយ៉ាងអសុចរិត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយព័ត៌មានថា
ទង្វើរបស់ឈ្មោះ ងិន លក្ខិណា និងការផ្សាយរបស់សារព័ត៌មាន Online ឈ្មោះ VOP News TV គឺជាការបរិហារមួលបង្កាច់សមត្ថកិច្ច ដែលនាំឱ្យមហាជនមានការយល់ច្រឡំ និងបាត់ជំនឿលើស្ថាប័នសមត្ថកិច្ចជាខ្លាំង និងជាការផ្សព្វផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ ដែលផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញនូវសារព័ត៌មាន online ឈ្មោះ VOP News TV បានផ្សាយផ្ទាល់ដោយមានអត្ថន័យ វាយប្រហារ និងចោទប្រកាន់មកលើនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
ផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន TrueMoney ប្ដឹងឈ្មោះ អ៊ិន លក្ខិណា ភេទស្រី ដែលបាន ផ្សាយផ្ទាល់តាមប្រព័ន្ធសង្គម (Facebook Live) បរិហារកេរ្តិ៍ ក្រុមហ៊ុន TrueMoney និងបុគ្គលិក TrueMoney ថាបានលួចលុយរបស់ខ្លួន ចំនួន ១០,០០០ ដុល្លារអាមេរិក ។ បន្ទាប់មក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញឈ្មោះ អ៊ិន លក្ខិណា មកសាកសួរបំភ្លឺ ពាក់ព័ន្ធករណីខាងលើនេះ ។
ក្នុងសេចក្តីបំភ្លឺ ឈ្មោះ អ៊ិន លក្ខិណា បានទទួលស្គាល់ថា ខ្លួនពិតជាបានចោទប្រកាន់ក្រុមហ៊ុន TrueMoney និងបុគ្គលិកថាបានលួចប្រាក់របស់ខ្លួនប្រាកដមែន ប៉ុន្តែខ្លួនពុំមានភស្តុតាង ឬឯកសារ បញ្ជាក់ពីការបាត់ប្រាក់នោះឡើយ ហើយឈ្មោះ អ៊ិន លក្ខិណា ជឿជាក់ និងអះអាងថា ប្រាក់ដែលខ្លួនបាត់ ចំនួន ១០,០០០ ដុល្លារអាមេរិកនោះ គឺក្រុមហ៊ុន TrueMoney និងបុគ្គលិក TrueMoney ជាអ្នកប្រព្រឹត្ត ។ ក្រោយធ្វើសេចក្តីបំភ្លឺចប់ ឈ្មោះ អ៊ិន លក្ខិណា មិនយល់ព្រមផ្តិតមេដៃលើលិខិតបំភ្លឺរបស់ខ្លួនឡើយ ដែលសេចក្តីបំភ្លឺទាំងអស់គឺកត់ត្រាតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ អ៊ិន លក្ខិណា ទាំងស្រុងដោយគ្មានការកែប្រែ ឬបង្ខិតបង្ខំឡើយ ។ សមត្ថកិច្ចក៏បានណែនាំគាត់ថា បើគាត់ជឿជាក់ថា ក្រុមហ៊ុន TrueMoney និងបុគ្គលិក TrueMoney ជាអ្នកលួចប្រាក់ ដូច្នេះស្នើឱ្យគាត់រៀបចំឯកសារភស្តុតាង និងត្រូវដាក់ពាក្យបណ្តឹងមក នាយកដ្ឋាន ដើម្បីឱ្យនាយកដ្ឋានអាចចាត់ការដោះស្រាយ និងជួយរកយុត្តិធម៌ជូនគាត់តាមនីតិវិធីច្បាប់ ព្រោះនាយកដ្ឋាន ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ ខ្ពស់ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក ឬការលួចតាមអនឡាញ ។
ឈ្មោះ អ៊ិន លក្ខិណា ក៏យល់ព្រមតាមការណែនាំរបស់សមត្ថកិច្ច តែផ្ទុយទៅវិញ គាត់មិនបានដាក់ពាក្យបណ្តឹង និងភស្តុតាង មកនាយកដ្ឋានទេ ស្រាប់តែនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បែរជាផ្សាយផ្ទាល់ (Facebook Live) តាមសារព័ត៌មាន Online min: voP News TV ទៅវិញ ដែលជាការ ផ្សាយបរិហារមួលបង្កាច់សមត្ថកិច្ច និងចោទប្រកាន់គ្មានមូលដ្ឋានយ៉ាងអសុទ្ធចិត្ត ។
ទង្វើរបស់ឈ្មោះ អ៊ិន លក្ខិណា និងការផ្សាយរបស់សារព័ត៌មាន Online ឈ្មោះ VOP News TV គឺជាការបរិហារមួលបង្កាច់សមត្ថកិច្ច ដែលនាំឱ្យមហាជនមានការយល់ច្រឡំ និងបាត់ជំនឿលើស្ថាប័ន សមត្ថកិច្ចជាខ្លាំង និងជាការផ្សព្វផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ ដែលផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានការសោកស្តាយយ៉ាងពន់ពេក ចំពោះការបំភ្លើស និងការបំពុលសង្គមខាងលើនេះ ហើយនាយកដ្ឋានរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវតុលាការលើ បុគ្គលឈ្មោះ អ៊ិន លក្ខិណា និងសារព័ត៌មាន VOP News TV ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវដល់សារព័ត៌មាន និងសាធារណជន ដែល និយមប្រើប្រាស់បណ្តាញសង្គម មេត្តាផ្សព្វផ្សាយព័ត៌មានពិត និងដោយមានការទទួលខុសត្រូវខ្ពស់ ។ សារព័ត៌មាន និងសាធារណជនទាំងអស់អាចទំនាក់ទំនងមកកាន់នាយកដ្ឋានផ្ទាល់ ដើម្បីសាកសួរព័ត៌មានលម្អិត ចៀសវាងនូវការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត ដូចករណីខាងលើនេះ ៕ ដោយ៖បញ្ញាស័ក្តិ