ខេត្តព្រះសីហនុ៖ មន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានរថយន្ត ២គ្រឿង បានបុកគ្នានៅតាផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៧២-១៧៣ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តធុនធំសណ្តោងរឺម៉ក ដឹកកុងតឺន័រ របស់ក្រុមហ៊ុនសូងួន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បានបុកជាមួយរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2S-9522 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរ ឈ្មោះ រស់ វ៉ាន់សុជាតា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជនមួយ មានលំនៅដ្ឋាន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាល បានអោយដឹងថា នៅក្នុងរថយន្ត ហាយឡែនឌ័រ មានអ្នកដំណើរ ២នាក់ជិះក្នុងនោះ គឺឈ្មោះ តេង លក្ខិណា ភេទ ស្រី អាយុ ២១ឆ្នាំ សិស្ស មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ និងឈ្មោះ រិន ឌីម៉ង់ ភេទ ប្រុស អាយុ ២៤ឆ្នាំ សិស្ស មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្លាំងនគរបាល អោយដឹងថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសមនុស្សចំនួន ៣នាក់ ស្រីម្នាក់ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ។
ចំណែករថយន្តបង្កទាំង ២គ្រឿង ត្រូវសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយនៅពេលក្រោយ៕ ដែន សីមា