ភ្នំពេញៈ មន្ត្រីនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរងទទួលផែន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងទទួលការងារដឹកនាំកម្លាំងការិយាល័យតម្រួតបទបញ្ជា យករថយន្តហ្វតដែលជាអំណោយសម្តេចក្រឡាហោម ស ខេង ទៅជិះកាងរណ្តៅដីជាលក្ខណៈឯកជន មិនឲ្យស្នងការរងឯទៀតជិះបំពេញភារកិច្ច និងធ្វើទារុណកម្មពួកគាត់មិនឲ្យហូបបាយ គ្រាដែលពួកគាត់ចុះបំពេញការងារជាមួយស្នងការទៅជួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក។
ជាមួយគ្នានេះ មន្ត្រីនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់។
“យើងខ្ញុំជាមន្ត្រីនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកើតទុក្ខមិនសុខចិត្តទៅលើទង្វើលោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរងទទួលផែន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងទទួលការងារដឹកនាំកម្លាំងការិយាល័យតម្រួតបទបញ្ជា ដែលលោកស្នងការរងបានធ្វើទារុណកម្មពួកយើងខ្ញុំមិនឲ្យហូបបាយ គ្រាដែលពួកយើងខ្ញុំចុះបំពេញការងារជាមួយស្នងការទៅជួយពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា បានយករថយន្តហ្វតដែលជាអំណោយសម្តេចក្រឡាហោម ទៅជិះកាងរណ្តៅដីជាលក្ខណះឯកជន មិនឲ្យស្នងការរងឯទៀតជិះបំពេញភារកិច្ចឡើយ ដូច្នេះហើយសូមសម្តេចក្រឡាហោម និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាផ្តល់ភាពយុត្តិធម៌ដល់ពួកយើងខ្ញុំផង”។
ចំណែកលោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា បានបដិសេធច្រានចោលចំពោះការចោទប្រកាន់នេះ គឺជាការមិនពិត។
លោកបញ្ជាក់ថា ” ឡានដែលយកមកនេះ គឺជាឡានរបស់លោកស្នងការ ទុកឲ្យយើងសម្រាប់ជិះធ្វើការ រឿងកាងរណ្តៅដីខ្ញុំអត់ដឹងផង “។
រីឯលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ប្រាប់ CEN នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ថា ” រឿងនេះមិនពិតទេ គ្រាន់តែជាការមួលបង្កាច់ ខ្ញុំកំពុងសើបរឿងនេះ “។
តែទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់មន្ត្រីនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅលើឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរងទទួលផែន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងការបដិសេធរបស់ឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា នេះដែរ ថាតើមួយណាត្រឹមត្រូវនោះ នៅពេលនេះមិនទាន់មានការបញ្ជាក់ពីប្រភពផ្សេងក្រៅតែពីភាគីអ្នកចោទប្រកាន់ និងការបដិសេធពីភាគីអ្នករងការចោទប្រកាន់តែប៉ុណ្ណោះ ហើយគេហទំព័រ CEN នឹងស្វែងរកប្រភពព័ត៌មានបន្ថែមទៀតមកបញ្ជាក់នៅពេលក្រោយ ៕ ដោយ: CEN