ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានី បន្តគាំទ្រការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍ក្រីក្រក្នុងការជួយសម្រួល និងកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ និងការផ្តល់ឱកាសឲ្យមានការចូលរួមមតិយោបល់ពីប្រជាពលរដ្ឋ ទទួលយកអនុសាសន៍ និងសំណូមពរនានា ជាកង្វល់របស់បងប្អូន ដើម្បីពិភាក្សា និងឆ្លើយតប ធ្វើឲ្យប្រសើរឡើងការផ្តល់សេវាសង្គម និងកាត់បន្ថយភាពក្រីក្រ។
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានី បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោកស្រី ឃួន គឹមនី ប្រធានគណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ រាជធានី បានលើកឡើងពីរបាយការណ៍ នូវសកម្មភាពក្នុងឆ្នាំ២០១៧កន្លងមកនេះ គឺបានអនុវត្តទៅតាមផែនការប្រតិបត្តិថ្នាក់រាជធានី ក្នុងនោះការធ្វើសាមាហរណកម្មកុមារ នឹងពង្រឹងបណ្តាញស្ត្រី ដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងសហការជាមួយគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខណ្ឌ សង្កាត់ និងភ្នាក់ងារសង្គមកិច្ច នៃមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនិតិសម្បទាររាជធានី។ ជាពិសេសការសហការជាមួយអង្គការដៃគូ ក្នុងការបណ្តុះបណ្តាលជំនាញបំនិនជីវិតផងដែរ។
លោកស្រី បានបន្តទៀតថា៖ ទោះបីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ សម្រេចបាននូវលទ្ធផល ការងារដូចខាងលើក៏ដោយក៏នៅមានសកម្មភាពការងារលទ្ធផលខ្លះអនុវត្តពុំទាន់បានសម្រេចនៅឡើយ ហើយសកម្មភាពការងារដែលនៅសេសសល់កន្លងមកនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររាជធានីភ្នំពេញ និងខិតខំអនុវត្តឲ្យបានសម្រេចនៅឆ្នាំ២០១៨។
លោកស្រី បានបន្តថា ទោះបីជាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររាជធានីភ្នំពេញ អនុវត្តការងារបានដោយរលូនក្តី ក៏មានសកម្មភាពការងារខ្លះអនុវត្តពុំបានដែរ ដោយសារជាប់ពាក់ព័ន្ធការងាររបស់មន្ទីរជំនាញ គឺការប្រមូលទិន្នន័យមិនច្បាស់លាស់ ធ្វើឲ្យជួបការលំបាកដល់ការបូកសរុបវាយតម្លៃ។ សង្កាត់ ៤៥លើ១០៥ ប្រើប្រាស់ថវិកាមូលនិធិសង្កាត់លើការងារសេវាសង្គម ពុំបានគ្រប់ ជុំគឺសង្កាត់ខ្លះបើករជ្ជទ្យេបុរេប្រទានបានតែ២ជុំឬ១ជុំ និងសង្កាត់មួយចំនួនតូចមិនបានបើសោះ។ ប្រជាពលរដ្ឋក្រីក្រមួយចំនួន ទាម ទារសុំប័ណ្ណសមធម៌សម្រាប់ទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ ទោះបីមន្ទីរផែនការ សហការជាមួយខណ្ឌ សង្កាត់ វាតម្លៃអត្តសញ្ញាណអ្នកក្រីក្រមុននឹងផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រក៏ដោយ។អំពើហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ នៅតែបន្តកើតមាន ជនអនាថាចំណាកស្រុក អ្នកសុំទាន មកពីបណ្តាខេត្តខ្លះ ដែលសមត្ថកិច្ចបានប្រូមមកអប់រំ និងបណ្តុះបណ្តាលជំនាញបំណិនជីវិត នៅក្នុងមណ្ឌល និងបានធ្វើសមាហរណកម្មទៅមូលដ្ឋានវិញរួចហើយក៏ដោយ ក៏នៅមានវត្តមានវិលមកសុំទានវិញដដែល។ លើសពីនេះ បញ្ហាជាកង្វល់ធំរបស់ប្រជាពលរដ្ឋ ក៏បញ្ហាគ្រឿងញៀន ទោះបីបញ្ហានេះមានការយកចិត្តទុកដាក់ពីរាជារដ្ឋាភិបាល និងការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបពីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក៏ដោយ ក៏បញ្ហានេះក៏នៅតែជាកង្វល់របស់ប្រជាពលរដ្ឋ ម្យ៉ាងទៀតបញ្ហានេះក៏ជះឥទ្ធិពលមិនល្អដល់កុមារ ប្រសិនបើការធ្វើសមារណកម្មកុមារ៣០ភាគរយ ចេញពីមណ្ឌលថែទាំទៅកាន់គ្រួសារ និង សហគមន៍វិញ ដោយសារការសិក្សាករណីពុំបានច្បាស់លាស់។ បញ្ហាទាំងអស់នេះ ទាមទារការរួបរួមគ្នាខិតខំដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើឲ្យស្ថានភាពស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ នៅមូលដ្ឋានកាន់តែប្រសើរឡើង។
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងស្នើឲ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ រាជធានីភ្នំពេញ យកចិត្តទុកដាក់បំពេញបាននូវតួនាទីភារកិច្ចរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តី កុមារ និងជនងាយរងគ្រោះ ។ លោកប្រធានក្រុមប្រឹក្សា ក៏ទទួលស្គាល់ផងដែរ អំពីការលំបាកក្នុងការបំពេញភារកិច្ច និងគ្រប់សកម្មភាពរបស់គណៈកម្មាធិការ ដូចជាការប្រមូលព័ត៌មាន ការសម្របសម្រួលដោះស្រាយបញ្ហា បទពិសោធន៍ការងារនិងធនធានមនុស្សជាដើម។ លោកក៏បានស្នើឲ្គណៈកម្មាធិការ ត្រូវលើកកម្ពស់ការបញ្ជ្រាបបរិយាប័ន្ន និងសមធម៌ ដោយជានិច្ចកាលត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ សំដៅដល់ការគិតគូរឆ្លើយតបក្រុមគោលដៅ ស្រ្តី កុមារ ជនងាយរងគ្រោះ ជនពិការ តាមរយៈការប្រើប្រាស់វិធានការណ៍ពិសេសប្រកបដោយសមធម៌ ទទួលបានផលពេលលេញសេវាសាធារណៈ។ ស្នើឲ្យខិតខំរួមគ្នាបន្ថែមទៀត ដើម្បីរកឲ្យឃើញនូវមូលហេតុនៃបញ្ហាឲ្យបានជាក់លាក់ និងគ្រប់ជ្រុងជ្រោយហើយពិភាក្សារកដំណោះស្រាយឲ្យចំគោលដៅសំខាន់ៗ ដោយផ្តោតទៅលើការងារសេវាសង្គមឆ្លើយតបនឹងតម្រូវការរបស់ស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ ដែលជួបការលំបាក។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ នេះគ.ក.ស.ក រាជធានី បានទទួលការគាំទ្រថវិកាពី ផអ៣ រដ្ឋបាលរាជធានីភ្នំពេញ និងយូនីសេហ្វ ព្រមទាំងបានទទួលការគាំទ្រពីសប្បុរជនថែមទៀត សរុបថវិកាសម្រាប់អនុវត្តផែនការសកម្មភាពចំនួន ១១.៦៦៨ដុល្លារ ស្នើនឹង ៤៦.៦៧២.០០០រៀល៕ ដោយ៖កូឡាប