ភ្នំពេញ៖ការបញ្ជូនជនសង្ស័យឈ្មោះស្រ៊ាន គឹមស្រួច ភេទប្រុសអាយុ២៧ឆ្នាំ ទៅតុលាការ ធ្វើឡើងដោយនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្ទាប់ពីការចុះ បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូសជាង ៦គីឡូក្រាម នៅរាជធានីភ្នំពេញ។
យុទ្ធានាការបង្ក្រាបនេះអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេតសារឿនអគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់បញ្ជា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី កម្លាំងជំនាញ (ក១១)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារ័ត្នន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង ។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុច បន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៦គីឡូក្រាម ២០២ក្រាម និងជញ្ជីងថ្លឹង ១គ្រឿង ហើយពេលនេះតុលាការកំពុងសាកសួរ៕ដោយ៖CEN