ភ្នំពេញ៖ បុរសវ័យចំណាស់ជាមេការចាក់លូ ម្នាក់បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសដៅ គ្នាជាមួយរថយន្តដឹកដី ដោយខ្វះការប្រុងប្រយ័ត្ន បានរអិលខ្សាច់ដួលចូលកង់ក្រោយរថយន្ត កិនស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេការសំណង់ចាក់លូ ក្នុង តំបន់ OCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិបារាយខាងលិច ស្រុកបារាយ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង ១R-៣៤៨២ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទួលសាលា ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៨៨១៤ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នា ស្របពេលនោះស្រាប់តែម៉ូតូរបស់ជនរងគ្រោះរអិលខ្សាច់ នៅតាមចិញ្ចើមផ្លូវ ចូលកង់រថយន្ត ដឹកដី កង់ក្រោយខាងស្តាំ បណ្ដាលឲ្យរថយន្តកិនក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅខេត្តព្រៃវែងតាមប្រពៃណី៕ដោយ៖ផាន់ណា+មីដា