ភ្នំពេញ៖ យុវជនម្នាក់ជាអ្នកស្ម័គ្រចិត្តម្នាក់ ខណៈកំពុងជិះម៉ូតូសុំផ្លូវដើម្បីជួយសម្រួលចរាចរណ៍ឲ្យរថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ស្រាប់តែទាក់ដៃចង្កូតនឹងរថយន្តហាយឡេឌ័រ១គ្រឿង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលវេលា ម៉ោងប្រមាណ ៥ ល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមមិត្តភក្តិម្នាក់របស់សពយុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មិត្តភក្តិរបស់ខ្លួនឈ្មោះ ចក់ ទី អាយុ ២១ឆ្នាំ មុខរបរសន្តិសុខឯកជន បានជិះម៉ូតូយ៉ាងលឿន ដើម្បីជួយសម្រួលចរាចរណ៍រថយន្តសង្គ្រោះ មកពីខេត្តចូលរាជធានីភ្នំពេញ ក៏ស្រាប់តែទាក់ដៃចង្កូតនឹងរថយន្តឡាយឡិនឌ័រពណ៌ខ្មៅ១គ្រឿង បណ្តាលឲ្យដួលម៉ូតូខ្ទាតជាច្រើនម៉ែត្រ និងបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក។
ទាក់ទងនឹងការបើកម៉ូតូនាំផ្លូវរថយន្តសង្គ្រោះបន្ទាន់នេះផងដែរ មិត្តភក្តិជនរងគ្រោះជាក្រុមស្ម័គ្រចិត្ត ក៏បានប្រាប់ឲ្យដឹងថា ឱ្យតែឃើញរថយន្តសង្គ្រោះមិនថាមកពីខេត្ត ឬក្នុងក្រុងនោះទេ ក៏ទំនាក់ទូរស័ព្ទហៅគ្នា ដើម្បីជិះម៉ូតូនៅពីមុខរថយន្តសង្គ្រោះ ដើម្បីសម្រួលចរាចរណ៍ដោយមិនគិតពីថវិកានោះទេ ជាទឹកចិត្តប៉ុណ្ណោះ។
តែយ៉ាងណា ទង្វើរបស់ពួកគេ ក៏ត្រូវបានប៉ូលិសប្រចាំគោលដៅចរាចរណ៍ ហៅឃាត់សួរនាំផងដែរ ព្រោះម៉ូតូស៊ីផ្លេឮខ្លាំងៗបង្កការរំខានដល់អ្នកដំណើរ។ ប៉ុន្តែនៅពេលរកឃើញថា ពុំមែនជាសាច់ញាតិគ្រួសារអ្នកជំងឺ សមត្ថកិច្ចក៏បានណែនាំថា ធ្វើបែបនេះគឺខុសហើយ ព្រោះថាពុំត្រឹមតែប្រឈមនឹងហានិភ័យគ្រោះថ្នាក់ខ្លួនឯងប៉ុណ្ណោះទេ តែក៏បង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ ខណៈឡានម៉ូតូបើកឆ្លងកាត់ចរាចរណ៍ដែលកំពុងស្ថិតក្នុងភ្លើងខៀវ។
ពិតមែនហើយ ការបង្កការភ្ញាក់ផ្អើលម្តងៗរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ក៏បានធ្វើឲ្យអ្នកដំណើរស្រៀវបុកពោះជំនួសជាខ្លាំង ព្រោះថាយុវជនខ្លះ ជិះម្នាក់ឯង ដៃម្ខាងលើកសុំផ្លូវ ដៃម្ខាងកាន់ចង្កូត និងសូម្បីពុំមានភ្លើងសញ្ញាសម្គាល់អ្វីមួយ ទាំងផ្លូវកន្លែងខ្លះចរាចរណ៍ចង្អៀតឆ្លងកាត់លឿនៗ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ ហើយបើយើងឃើញការបើកបររបស់ពួកគាត់នៅក្នុងវីដេអូវិញ គឺរឹតតែស្រៀវខ្លាំងណាស់៕ ដោយ៖ លឹម ហុង