កំពត៖ ប្រជាពលរដ្ឋបានប្រើប្រាស់កាំភ្លើងស្នប់កែច្នៃ បាញ់បណ្ដាលឲ្យសន្ដិសុខម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់ ក្នុងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន នៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្ដកំពត នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា ពិតជាមានការប៉ះទង្កិចគ្នាពិតមែន នៅទីតាំងដាំដើមអាកាស្យា របស់ក្រុមហ៊ុនឧកញ៉ា សូ ងួន និងប្រជាពលរដ្ឋនៅឃុំត្រពាំងផ្លាំង ស្រុកឈូក រហូតប្រជាពលរដ្ឋប្រើប្រាស់កាំភ្លើងស្នប់ បាញ់បណ្ដាលឲ្យសន្ដិសុខក្រុមហ៊ុនម្នាក់ស្លាប់ និងម្នាក់រងរបួស។ ក្រោយកើតហេតុលោកបានបញ្ជាកម្លាំងនគរបាល ចេញអន្ដរាគមន៍ភ្លាមៗ ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីតាមរកជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ កម្លាំងជំនាញរបស់លោកដកហូតបានអាវុធច្នៃ២ដើម នៅកន្លែងកើតហេតុ ខណៈមនុស្សរត់គេចខ្លួនបាត់អស់។
ចំណែកលោកឧកញ៉ា សូ ងួន បានប្រាប់កាសែតក្នុងស្រុកឲ្យដឹងដែរថា នៅព្រឹកមិញនេះ ពិតជាមានការប៉ះទង្កិចគ្នារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនរបស់លោកប្រាកដមែន ហើយករណីនេះផ្ដើមចេញពីជម្លោះដីធ្លី។ នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនដៃដល់ ដែលបាញ់សន្ដិសុខរបស់លោក ២នាក់។
ជនរងគ្រោះ ទី១ ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ស្លាប់នៅកន្លែងកើតហេតុ និងទី២ ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ រដ្ឋបាលខេត្តកំពត ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដោយសហការជាមួយក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ចុះធ្វើការផ្សព្វផ្សាយ ស.ជ.ណ លេខ៤៣១/២០ របស់រដ្ឋបាលខេត្តកំពត ស្ដីពី ការជំរុញទប់ស្កាត់ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ តំបន់អភិរក្ស តំបន់សហគមន៍ ដីគម្របព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រខេត្តកំពត។
រដ្ឋបាលខេត្ត បានណែនាំ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលទៅកាប់រុករានទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះ ក្នុងបណ្តាតំបន់ហាមឃាត់ខាងលើ ពិសេសក្នុងតំបន់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ដែលទទួលសិទ្ធិកាន់កាប់ពីដីកម្មសិទ្ធិសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដកខ្លួនចេញជាបន្ទាន់ ជៀសវាងពាក់ព័ន្ធ ប្រឈមនឹងផ្លូវច្បាប់ជាពិសេសអ្នកញុះញង់ និងមេខ្យល់ដែលនៅពីក្រោយប្រជាពរដ្ឋទាំងអស់នោះ បើមិនដូច្នោះទេ អាជ្ញាធរស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ច នឹងត្រូវចាក់ការអនុវត្តតាមវិធីច្បាប់៕ដោយ៖បញ្ញាស័ក្តិ