ខេត្តព្រះវិហារ៖ នគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុង របស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ កុមារី២នាក់បងប្អូន (កូនចុង) យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ នៅថ្ងៃទី១៧ វិច្ឆិកា ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ ។
ជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរ មានឈ្មោះ ក្អើយ ប៊ឿ និងប្រពន្ធឈ្មោះ សួន ស្រីម៉ុ មានទីលំនៅ រស់នៅភូមិអង្គ្រង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ តាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ទី១មានឈ្មោះ ម ស ស និងទី២ប្អូនស្រីឈ្មោះ ម ហ ណា បានប្រាប់ពីទង្វើឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាង តាំងពីនាងអាយុ៩ឆ្នាំ និង គំរាមសម្លាប់ពួកនាង មិនឲ្យពួកនាងទម្លាយរឿងនេះប្រាប់អ្នកណាដឹង បើបែករឿង គាត់នឹងសម្លាប់ពួកនាងចោល។
នាងបានប្រាប់ថាឪពុកចុងមានឈ្មោះ ក្អើយ ប៊ឿ បានចាប់រំលោភនាង តាំងពីនាងមានអាយុ៩ឆ្នាំមកម្លេះ ឥឡូវកុមារីអាយុ១៣ឆ្នាំហើយ ទើបបែកការណ៍ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបពីឪពុកចុង និង ភ័យខ្លាចការគំរាមសម្លាប់ ទើបនាងបានរត់ទៅផ្ទះយាយ ប្រាប់យាយពីទង្វើឪពុកចុងចាប់រំលោភពួកនាង ៕ ដោយ៖បញ្ញាស័ក្តិ