Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​វ័យក្មេង​ចំនួន​៦​នាក់ នៅ​ភ្នំពេញ​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​នគរបាល​ស្រុក​មោងឫស្សី

ខេត្តបាត់ដំបង ៖ ក្រុមយុវជន​វ័យក្មេង​តាំងចិត្ត​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ តាម​ដងផ្លូវ​សាធារណៈ ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ នៅក្នុង​ខណៈ ដែល​ក្រុម​នេះ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​នៅ​ចំណុច​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​ករណី​ខាងលើនេះ បានកើត​ឡើង​នា​វេលា​ម៉ោង​១៥​និង​១០​នាទី រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​ខាងលិច​ស្ពាន​ដើម​ក្រសាំង ក្នុង​ក្រុមទី​០១ ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ដោយ​ជនសង្ស័យ​ប្រើប្រាស់​ម៉ូតូ​ចំនួន ០៣​គ្រឿង​មនុស្ស​ចំនួន ៦​នាក់ ធ្វើ​សកម្មភាព​(​ឆក់យក​ប្រាក់​)​របស់​ប្រជា​ពល រដ្ឋ​ឈ្មោះ ភេ​ន ផល ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នៅពេលដែល​ជនរងគ្រោះ​កំពុងធ្វើដំណើរ​នៅលើ​ផ្លូវជាតិ ក្នុងនោះ​ពួកគេ​យកបាន​ប្រាក់រៀល​ចំនួន​១.១៩៥.០០០​រៀល​(​មួយ​លាន​និង​ដប់​ប្រាំ​ម៉ឺន​រៀល​)​រួច​ជិះ​គេចខ្លួនបាត់ ។​

​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក​វរសេនីយ៍ឯក ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្ន​ងា​ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ជ្រាប​និង​ស្នើសុំ គោលការណ៍​អនុវត្ត ។ ទទួលបាន​ទ​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​លោក​ស្នងការរង​ទទួល​ផែន​លោក​វរសេនីយ៍ឯក ស គឹម​ឡុង បាន​ចាត់វិធានការ​ជាបន្ទាន់​ដោយ​ប្រើប្រាស់​កម្លាំង​នគរបាល​អន្តរាគមន៍​របស់ខ្លួន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​កម្លាំង​ផ្នែក​ជំនាញ ចេញ​ប្រតិបត្តិការ​ភ្លាមៗ រហូតដល់​វេលា​ម៉ោង ១៥​និង ៣៩​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​(​ឆក់​ទ្រព្យសម្បត្តិ​)​នេះ​ចំនួន​៦​នាក់​ព្រមទាំង​ដកហូត បាន​សម្ភារ​ភស្តុតាង​មួយចំនួន​។​

​ជនសង្ស័យ​រួមមាន​៖ ១-​ឈ្មោះ ហ្វា​ត អ៉ី​ណេ​ស ហៅ​ឆែប ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ខ្នុរ​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ជួង ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ សាត ភា​រ៉ុង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ខ្នួច ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ ផាន រ៉ាវី ភេទ​ប្រុស អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្សារ​សាន់​ហាន់ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ៥-​ឈ្មោះ ផាន រ៉ា​វីន ហៅ​ជ័យ​ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ៦-​ឈ្មោះ រតនា​វិសាល​សិ​ដ្ឋ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​គោក​ឃ្នាង​សង្កាត់​គោក​ឃ្នាង ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ ដកហូត​បាន​៖
​ប្រាក់រៀល​ចំនួន​១.៥0០.០០០​រៀល (​មួយ​លាន​ហាសិប​ម៉ឺន​រៀល​) ម៉ូតូ​ចំនួន​០៣ គ្រឿង​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​-​ខ្សែដៃ​កាឡៃ​ចំនួន​០១​ខ្សែ ខ្សែក​ផ្លាក​ទីន​ចំនួន ០១ ខ្សែ និង​ចិញ្ចៀន​ផ្លាក​ទីន ចំនួន ០១ វង់​។​

​លោក​វរសេនីយ៍ឯក ស គឹម​ឡុង បាន​បញ្ជាក់ថា ក្រុម​ជនសង្ស័យ​ខាងលើនេះ បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ហើយ​មាន​គោលបំណង ទៅ កាន់​ខេត្តសៀមរាប ។ ក្នុងពេល​ធ្វើដំណើរ​តាមផ្លូវ​ក្រុម​គេ​បានធ្វើ​សកម្មភាព​(​ឆក់យក​ទ្រព្យសម្បត្តិ​) ពី​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​ក្នុង នោះ​បានធ្វើ​សកម្មភាព​ឆក់​យកបាន​ប្រាក់​ចំនួន ៧០០.០០០​រៀល​(​ចិតសិប​ម៉ឺន​រៀល​)​ពី​ជនរ ង គ្រោះ​ភេទ​ស្រី​ម្នា​ក់នៅ​ចំណុច​ស្នាម​ព្រះ​ភូមិសាស្ត្រ​ខេត្តពោធិសាត់ លុះ​មកដល់​ភូមិសាស្ត្រ​ខេត្ត បាត់ដំបង​ពួកគេ​បានធ្វើ​សកម្មភាព​ទៀត​តែ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​មោងឫស្សី​បង្ក្រាបបាន​។

​លោក​អធិការ​បានបញ្ជាក់​បន្ថែម​ថា កិច្ចប្រតិបត្តិការ​រប​ស់​នគរបាល​ដែល​អនុវត្តបាន​ជោគជ័យ​នៅពេលនេះ គឺ​ស្ថិតក្រោម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ លោកស្នងការ​រង​ទទួល​ផែន​ជំនាញ និង​ជាពិសេស​បានការ ចូលរួម​ផ្តល់ព័ត៌មាន​ទាន់ពេលវេលា​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​កន្លងមក​សមត្ថ​កិច្ច​បានធ្វើការ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​ដោយ​ទូលំទូលាយ ហើយ​ប្រជាពលរដ្ឋ​លោក​ទទួលយក​សម្រាប់​ទាក់ទង​ទាន់ពេល​នៅក្នុង​ករណី មាន​ហេតុ​ការ​ណាមួយ​កើតឡើង​ដូច​ករណីនេះ​ស្រាប់​។

​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​បញ្ជូនបន្ត​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×