ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ទោះជាឋានៈណាក៏ដោយ ឲ្យតែបើកបរមិនគោរពច្បាប់ គឺត្រូវតែធ្វើការផាកពិន័យ ។
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០ ។ ឧត្តមសេនីយ៍ឯក ស ថេត បានស្នើសូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ពេលដែលបើកបរ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់ ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរង នាយផ្នែកការិយាល័យ ចរាចរណ៍ លោកអធិការ អធិការរងទទួលការងារចរាចរណ៍ ។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឡើងអានរបាយការណ៍បូកសរុបលទ្ធផល ស្តីពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែតុលា បន្ទាប់ពីនេះលោកឧត្តម សេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារចរាចរណ៍បានឡើងបង្ហាញអំពីបទពិសោធន៍ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងឱកាសនោះដែរ ក៏មានការចូលរួមជាមតិយោបល់ ពីសមាជិកនៃអង្គប្រជុំជាពិសេស ប្រធានគោលដៅចរាចរណ៍នានា ដោយបានលើកឡើងពីការអនុវត្តការងារប្រចាំ និងបញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះ ផងដែរ៕ដោយ៖បញ្ញាស័ក្តិ