នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយ ដែលគេធ្លាប់តែឃើញកើតឡើងបែបនេះនៅក្នុងប្រទេសថៃ ឥឡូវនេះ បានកើតមាននៅក្នុងខេត្តបន្ទាយជ័យដែរហើយ ខណៈដែលរថយន្ត២បាំងកន្លះ១គ្រឿង មិនដឹងជាបើកក្នុងស្ថានភាពយ៉ាងណា បានក្រឡាប់បះគូទឡើងលើទៅទើរនឹងដើមឈើធ្នង់ បង្កការភ្ញាក់ផ្អើលហួសចិត្តគ្រប់ៗគ្នាតែម្តង។
ហេតុការណ៍ដ៏ញាក់សាច់នេះផងដែរ ត្រូវបានដឹងថា បានកើតនៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថិតនៅមុខសាលារៀនធ្លក ក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្ចាស់រថយន្តមានឈ្មោះ ឡឺត និងកូនចៅរួមដំណើរជាមួយ ពុំមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តនេះបានបើកក្នុងល្បឿនលឿនចេញពីព្រំដែនតាមផ្លូវលេខ៥៨ និងឆ្ពោះមកផ្លូវលំទៅឃុំបន្ទាយឆ្មារ ក៏ស្រាប់ជួបគ្រោះថ្នាក់ខ្លួនឯង បណ្តាលឲ្យក្រឡាប់ប៉ះគូទឡើងលើ ទើរជាប់នឹងដើមឈើធ្នង់តែម្តង។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាឆ្ងល់ហួសចិត្តថា៖ «ដូចរឿងហូលីវូត, ឆ្ងល់ត្រង់វាទៅទើរដើមឈើដោយរបៀបណាក្បាលចុះក្រោមបែបនេះ!, ជប៉ុនបានតែផលិតឡានទេ តែរឿងបើកបរធ្វើមិនដូចខ្មែរទេ»៕ ដោយ៖ លឹម ហុង