ភ្នំពេញ ៖ មានករណីឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នងស្មើនឹង ៣៤បន្ទប់ កាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ករណីអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចបាញ់អោយរលត់ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបទាំងអស់ចំនួន ២០គ្រឿង
ម្ចាស់ផ្ទះជួលដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមនោះមានឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស និងម្ចាស់ផ្ទះលក់ចាប់ហួយឈ្មោះ ជាង ដាងយ៉ុប ។ មុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ឈ្មោះ ម៉ៃ ហើយថែមទាំងមានអណ្តាតភ្លើងចេញមកទៀត។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានដែលរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នារាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍។សមត្ថកិច្ចជំនាញផ្នែកទប់ស្កាត់ពន្លត់បង្កា និងគ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍ទប់ស្កាត់បាញ់ពន្លត់នៅករណីអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើ។ រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ដោយនៅក្នុងប្រតិបត្តិការនេះមានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ៦គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន ២គ្រឿង ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់៕ ដោយ៖បញ្ញាស័ក្តិ