កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយ លោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យ បានចុះអនុវត្ដន៍ច្បាប់ ឃាត់រថយន្ដដែលបានធ្វើការកែឆ្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យជាក់ស្តែងនៅតាមដងផ្លូវសាធារណៈនិងទីតាំងមួយចំនួននៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ទុនពិសី បានឲ្យដឹងថា យោងតាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មាត្រា ៧ ថ្មី ចំណុច ៥(ក) ត្រូវធ្វើការផាកពិន័យ ចំពោះមធ្យោបាយយានយន្តដែលកែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស ចំពោះរថយន្តធុនស្រាល និងរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ “» ជាក់ស្តែង រថយន្ដជាច្រើនគ្រឿងត្រូវបានធ្វើ ការឃាត់និងអនុវត្ដន៍តាមច្បាប់ ក្នុងរយៈពេលប៉ុន្មានថៃ្ងកន្លងមកនេះ និងបន្ដសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការដល់ទីតាំងកែច្នៃ និងលំនៅដ្ឋានដែលមានរថយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស។
លោកវរសេនីយ៍ទោ ទុនពិសី បានសំណូមពរសូមបងប្អូន ម្ចាស់យានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងកំពុងប្រើប្រាស់សព្វថៃ្ង មេត្ដាកែសម្រួល មុនសមត្ថកិច្ចនគរបាលអនុវត្ដន៍នូវវិធានការច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ