ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាបញ្ហាប្រឈមដ៏ធំមួយ ព្រោះថាជាឃាតករលាក់មុខធ្វើឲ្យមនុស្សស្លាប់ របួស ជារៀងរាល់ថ្ងៃ។ កក្តាដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គ្មានលោះថ្ងៃនេះផងដែរ គឺដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកជែងមិនប្រយ័ត្ន មិនពាក់មួកសុវត្ថភាព និងបើកព្រហើនជាដើម។
ជាក់ស្តែង ដូចករណីនេះអ៊ីចឹង គឺឃើញហើយពិតជាស្រៀវជំនួសអ្នកដំណើរដទៃជាខ្លាំង ខណៈឡានធំសណ្តោង១គ្រឿង ដែលតៃកុងខូចបានបើករ៉េពេញដងផ្លូវ ក្នុងបំណងមិនចង់ឲ្យរថយន្តដទៃបើកវ៉ាខ្លួនបាន។
ក្នុងហេតុការណ៍ដ៏រន្ធត់នោះ ឡានធំសណ្តោងដែលមានចរិតខូចនេះ ដែលគេមិនដឹងថាតៃកុងមានរឿងអ្វី បានបើកឌឺដាក់រថយន្តទូរីស១គ្រឿង ដោយព្យាយាមមិនឲ្យរថយន្តទូរីសវ៉ាខ្លួនបានឡើយ ដែលជាហេតុធ្វើឲ្យតៃកង់ទូរីសទ្រាំពុំបានឈប់រថយន្ត និងបម្រុងចុះស្តីឲ្យ ប៉ុន្តែ ឡានធំនេះធ្វើពុំដឹងហើយបន្តបើករ៉េពេញផ្លូវទៅមុខទៀត។
ទន្ទឹមនេះផងដែរ មហាជនដែលពោរពេញដោយកំហឹង និងការស្អប់ខ្ពើមយ៉ាងខ្លាំង បានស្នើឲ្យប៉ូលិសមើលផង និងចាប់អ្នកបើករចរិកខូចនោះ មកដាក់ទោសតាមដែលអាចធ្វើបានឲ្យខាងតែបាន ព្រោះថានេះជាទង្វើកំពុងប្រមាថដល់ជីវិតអ្នកដទៃស្តែងៗ ដែលមិនអាចឲ្យរួចខ្លួនបានឡើយ៕ ដោយ៖ លឹម ហុង