ភ្នំពេញ ៖ ស្ត្រីពីរនាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបម្រុងនឹងបត់ឆ្វេងត្រូវរថយន្តដឹកស៊ីម៉ងត៍ បុកពីខាងក្រោយបណ្ដាលឲ្យកិនបែកក្បាលស្លាប់ទាំងពីរនាក់។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១០និង ៣០ នាទីព្រឹកថ្ងៃចន្ទទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ត្រង់ចំណុចសួនវឌ្ឍនៈក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពស្ត្រីពីរនាក់មិនទាន់ស្គាល់ឈ្មោះ តែមានស្រុកកំណើតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបន្ថែមពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី ពីរនាក់ត្រូវជាមីងនិងក្មួយជិះម៉ូតូម៉ាកប៊ិត មួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ1GS 5185 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចមកកើត បម្រុងនឹងបត់ឆ្វេង ស្រាប់តែភ្លាមៗនោះដែរមានរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងមិនចាំផ្លាកលេខ ធ្វើដំណើរពីក្រោយក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ទៅបុកពីខាងក្រោយម៉ូតូពេញទំហឹង រួចកិនពីលើបែកក្បាលទាំងពីរនាក់ស្លាប់ក្នុងថ្លុកឈាម។ រួចក៏តៃកុងរថយន្តព្យាយាមបើករត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ចដេញពីក្រោយតាមឃាត់បានភ្លាមៗទាំងម្ចាស់និងរថយន្ត យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រួស ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយជំនាញចុះមកដល់រួចក៏ទំនាក់ទំនង ទៅខាងចរាចរណ៍ជំនាញក្រុង ឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក ចំណែកឯសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត