ភ្នំពេញៈ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២២១៨០១គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៦៣៨៤៨គ្រឿង និងរថយន្តមានចំនួន ៥៧៩៥៣គ្រឿង ក្នុងនោះរថយន្តតូចចំនួន ៤៨៩៧៨គ្រឿង និងរថយន្តធំចំនួន ៨៩៧៥គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើងចំនួន ១៧០១លើក ស្លាប់មនុស្សចំនួន ៨៥៧នាក់ របួសចំនួន ២៥៨៦នាក់ ក្នុងនោះរបួសធ្ងន់ ១៥៥៨នាក់។
ប្រភពដដែលបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕
ដោយ៖CEN