ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះជនជាតិចិន៧នាក់និងកូរ៉េ៣នាក់ ករណីបើកល្បែងស៊ីសងតាមអនឡាញសុទ្ធតែម៉ាស៊ីនទំនើបៗ នៅចំណុចបុរីប៉េងហួត បឹងស្នោរ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅចំនួន២ទីតាំងផ្សេងគ្នា ប៉ុន្តែស្ថិតនៅក្នុងបុរីតែមួយ៖ ទី១-នៅចំណុចផ្ទះលេខ១៤ ក្នុងគំរោង១០ បានឃាត់ខ្លួនបានជនជាតិចិនចំនួន៧នាក់ ទី២-នៅក្នុងផ្ទះលេខ៩៨ ក្នុងគំរោង១០ឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន៣នាក់ ។
ប្រភពដដែលបន្តថា សមត្ថកិច្ចបានដកហូតឧបករណ៍ល្បែងគ្រប់ប្រភេទសុទ្ធសឹងជាឧបករណ៍ទំនើបៗទៀតផង ។ បន្ទាប់មកតុលាការសម្រេចបិទទ្វារទីតាំងទាំង២ ហើយជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ៕ ដោយ៖បញ្ញាស័ក្តិ