ភ្នំពេញ÷ជនជាតិចិនមួយក្រុមបើករថយន្តម៉ាក starex មួយគ្រឿងបម្រុងនឹងបត់ឡើងឆ្លងផ្លូវ ២៣៣ មិនប្រយ័ត្នក៏ត្រូវម៉ូតូមកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរបួសម្ចាស់ម៉ូតូបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកឯតៃកុងរថយន្តវិញក៏ឡើងម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១១ និង ២០ នាទីយប់ត្រូវនឹងថ្ងៃចន្ទទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ ២៣៣ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនជាតិចិនមួយក្រុមបើករថយន្តម៉ាក starex មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2-BB 25 71 ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតបម្រុង និងបត់ឆ្វេងឡើងផ្លូវ ២៣៣ ពេលមកដល់ចំណុចកើតហេតុក៏ត្រូវម៉ូតូម៉ាកស្គុបពីមួយគ្រឿងមកបុកចំពីមុខរថយន្តពេញទំបណ្តាលឲ្យរងការខូចម៉ូតូស្ទើរទាំងស្រុង។ ចំណែកឯរថយន្តវិញរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សាមេត