Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្តឹង​អគ្គនាយករង​អគ្គិសនី​កម្ពុជា និង​ប្រធាន អនុប្រធាន​អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​ភ្នំពេញ៖ ប្រជាពលរដ្ឋ​បាន​ប្តឹង​លោក ប្រាជ្ញ វុត្ថា ជា​ប្រធាន លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី និង លោក អេង គ​ន្ឋា អគ្គនាយករង​អគ្គិសនី​កម្ពុជា ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ជួយ​អន្តរាគមន៍​លើ​ករណី​វិវាទ​ដីធ្លី​ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ការដាក់​ពាក្យបណ្តឹង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​យោងតាម​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​ឈ្មោះ ថៃ ឃី​ន បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា “​កាលពី​ពីថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី បានសម្រេច​ប្រគល់​ដី​ទំហំ ២០៣៥​ម៉ែត្រការ៉េ គឺជា​ដី​ដែល​គ្មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​រដ្ឋ​របស់​អគ្គិសនី​មណ្ឌលគិរី និង​ទ្រព្យ​រដ្ឋ​របស់​អគ្គិសនី​កម្ពុជា​ទេ មកអោយ​ខ្ញុំ​ជា​ម្ចាស់​កម្ម​សិទ្ធ​បាន​គ្រប់គ្រង​ឡើងវិញ​ហើយ​។ តែ​បែរជា​បុគ្គល​ទាំងបី​រូប​ខាងលើ​នៅតែ​មិន​ព្រម​ប្រគល់​ដី​ទំហំ​២០៣៥​ម៉ែត្រការ៉េ​នេះ ឋិត​ក្នុងភូមិ សង្កាត់ ក្រុង ខេត្ត ខាងលើ​មកអោយ​ខ្ញុំ​គ្រប់គ្រង​វិញ​ទេ​។ ហើយ​ខេត្ត​ក៏បាន​បញ្ជាក់ថា សូមអោយ​អគ្គិសនី​ខេត្តមណ្ឌលគិរី និង​អគ្គិសនី​កម្ពុជា​គ្រប់គ្រង​តែ​ដី​ទំហំ ២៨០២​ម៉ែត្រការ៉េ គឺជា​ដី​ដែល​ក្រសួង​បាន​ផ្ទេរ​អោយ គឺជា​ដី​ដែលមាន​នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​រដ្ឋ​របស់​អង្គភាព​ខ្លួន​បាន​ហើយ​។​

​រីឯ​ដី​ទំហំ ២០៣៥​ម៉ែត្រការ៉េ គឺជា​ដី​របស់​ប្រជាពលរដ្ឋ ឈ្មោះ ថៃ ឃី​ន និង​ឈ្មោះ អ៊ឹង ច​ន្ធូ បាន​អាស្រ័យ​ផល​និង​ចាត់ចែង​តាំងពី​ឆ្នាំ​២០០០ រហូតមក​ដល់ពេល​ប​ច្ចុ​ប្ប​នេះ ដែលមាន​អាជ្ញាធរ​មូលដ្ឋាន​ទទួល​រួចមកហើយ​។ គួរ​ឲ្យ​កត់សំគាល់​ផង​ដែលថា ហេតុអ្វី​បានជា​ដី​នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​អង្គភាព​អគ្គិសនី​ខេត្តមណ្ឌលគិរី និង​អគ្គីសនី​កម្ពុជា បាន​គ្រប់គ្រង​ទំហំ​ដី​ពិតប្រាកដ​ជាក់ស្តែង​ក្នុង​ទំហំ​សរុប ២៨០២​ម៉ែត្រការ៉េ​ដែលមាន​នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​រដ្ឋ​របស់​អង្គភាព​ខ្លួន​រួចហើយ ពុំមាន​ការបាត់បង់​ទេ ចុះ​ហេតុអ្វី​បានជា​អស់លោក​ទាំងបី​នេះ​បែរជា​មកប្តឹង​ទាមទារ​យក​ដី​ក្រៅពី​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​រដ្ឋ​របស់​អង្គភាព​ខ្លួន​ទៅវិញ​? អាស្រ័យ​ហេតុ ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មេត្តាជួយ​សិក្សា​ស្រាវជ្រាវ​បន្ត និង​ជួយ​អន្តរាគមន៍​ផ្តល់​ដី​ទំហំ​២០៣៥​ម៉ែត្រការ៉េ​នេះ បាន​គ្រប់គ្រង​និង​អាស្រ័យ​ផល​ឡើងវិញ​ដល់​ក្រុមគ្រួសារ​ខ្ញុំបាទ​ដោយ​ក្ដី​អនុគ្រោះ​បំផុត​”​។​

​ចំណែក លោក ប្រាជ្ញ វុត្ថា ប្រធាន​អគ្គស​នី​ខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ប្រាប់ CEN កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ថា ការប្តឹង​នេះ គឺជា​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​ដី​ដែល​លោក​ថៃ ឃី​ន អះអាងថា ជា​ដី​របស់ខ្លួន​នោះ គឺជា​ដី​របស់​រដ្ឋ​។ រីឯ​លោក​ថេ​ង សេដ្ឋា អនុប្រធាន​អគ្គស​នី​ខេត្ត​មណ្ឌល​គី​រី​បាន​អះអាងថា ការប្តឹង​រូបលោក គឺ​ខុស​ហើយ ពីព្រោះ​ការងារ​នេះ ខាង​អគ្គិសនី​កម្ពុជា​នៅ​ភ្នំពេញ (EDC) ជា​អ្នកដោះស្រាយ ហើយ​មកប្តឹង​លោក​ម៉េច​ត្រូវ​។ ហើយ​លោក​មិនមាន​អ្វី​បកស្រាយ​ទេ ព្រោះ​ការងារ​នេះ​ថ្នាក់ដឹកនាំ EDC ជា​អ្នកដោះស្រាយ​។​

​លោក​អេង គ​ន្ធា អគ្គនាយករង​អគ្គិសនី​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ដី​ដែល​លោក​ថៃ ឃី​ន អះអាងថា ជា​ដី​របស់ខ្លួន​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ដី​នោះ​ជា​ដី​រដ្ឋ​ទេ និង​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ទេ​។ ហើយ​ខាង​អគ្គិសនី​កម្ពុ​ជាមាន​ឯកសារ​ទាំងអស់ បើសិនជា​មិនមែន​ដី​រដ្ឋ​យើង​យក​ធ្វើ​អី ហើយ​ដី​នេះ​មិនមាន​បុគ្គល​ធ្វើ​កម្មសិទ្ធិ​ទេ ហើយ​គាត់​ចង់​ប្តឹង​ទៅដល់​ណា​ប្តឹង​ទៅជា​សិទ្ធិ​របស់គាត់​។

​ទាក់ទង​ករណីនេះ អភិបាលខេត្ត​មណ្ឌល​គី​រី លោក​ស្វាយ សំ​អ៊ាង បានធ្វើ​លិខិត​ទៅ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ដោយបាន​បញ្ជាក់ថា កន្លងមក​រដ្ឋបាលខេត្ត​បានទទួល​ពាក្យ​បណ្តឹងតវ៉ា​ករណី​ទំនាស់​ដីធ្លី​រវាង​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី ជាមួយ​ប្រជាពលរដ្ឋ​ឈ្មោះ ថៃ ឃី​ន និង​ឈ្មោះ អ៊ឹង ច​ន្ធូ លើ​ទំហំ ២០៣៥​ម៉ែត្រការ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ក្រោយពី​រដ្ឋបាល​ក៏ដូចជាគណៈ​កម្មការ​​សុរិយោដី​ខេត្ត​បានធ្វើការ​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ រួមទាំង​សាវ​តាន​នៃ​ការគ្រប់គ្រង​កាន់កាប់​ដីធ្លី​នេះ ឃើញថា លោក​ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង ច​ន្ធូ បាន​កាន់កាប់​ដី​ទំហំ​២០៣៥​ម៉ែត្រការ៉េ ជា​យូរ​ឆ្នាំ​មកហើយ​ដោយមាន​លិខិត​ទទួលស្គាល់​ការកាន់កាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ប្រើប្រាស់​ដី​នេះ​ក្នុង​ជីវភាព​រស់នៅ​ជា​បន្តបន្ទាប់​រហូតមក​។ រីឯ​អង្គភាព​អគ្គិសនី​ខេត្ត អាជ្ញាធរខេត្ត​បាន​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ​ឃើញថា ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្ទេរ​ប្រគល់​ដី​ទំហំ​តែ ២៨០២​ម៉ែត្រការ៉េ ប៉ុណ្ណោះ ជូន​អង្គភាព​អគ្គិសនី​គ្រប់គ្រង និង​ប្រើប្រាស់ ពុំមាន​ឯកសារ​ណាមួយ​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​លើ​ទំហំ​ដី ២០៣៥​ម៉ែត្រការ៉េ របស់លោក​ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង​ច​ន្ធូ នោះឡើយ​។​

​អភិបាលខេត្ត​មណ្ឌល​គី​រី​បាន​បញ្ជាក់ថា “… អាជ្ញាធរខេត្ត​យល់ឃើញថា ការទាមទារ​របស់​អង្គភាព​អគ្គិសនី​ខេត្ត​ហាក់ដូច​ជាមាន​លក្ខណៈ​មិន​សមស្រប​ទៅនឹង​ស្ថានភាព នៃ​ការគ្រប់គ្រង​ជាក់ស្តែង ដែល​អាច​បង្កទំនាស់​ស្មុគស្មាញ​ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​លំបាក​ក្នុងការ​ដោះស្រាយ​។ ដូចនេះ ដើម្បី​បញ្ចប់ទំនាស់​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភ​ភិ​បាល ក្នុងការ​ដោះស្រាយ​ទំនាស់​ជៀសវាង​ទុក​នៅ​រ៉ាំរ៉ៃ​អូសបន្លាយ​យូរអង្វែង អាជ្ញាធរខេត្ត​សូម​សំណូមពរ​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​ប​ន្ទុ​ល​អគ្គនាយក​អគ្គិសនី​កម្ពុជា សុំ​ផ្តល់​ដី​ទំហំ ២០៣៥​ម៉ែត្រការ៉េ ជូន​លោក​ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង ច​ន្ធូ កាន់កាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល ស្របតាម​ការ​ទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្នើសុំ​អង្គភាព​អគ្គិសនី​ខេត្ត​គ្រប់គ្រង​ដី​ទំហំ​តែ​២៨០២​ម៉ែត្រការ៉េ ដែល​ក្រសួង​រ៉ែ និង​ថាមពល ប្រគល់ជូន និង​បាន​ចុះបញ្ជី​សារពើ​ភ័​ណ្ដ​របស់​អង្គភាព​អគ្គិសនី​ខេត្ត​ដើម្បី​បញ្ចប់ទំនាស់ ”៕ ដោយ​៖ CEN​

លោក អេង គន្ឋា អគ្គនាយករងអគ្គិសនីកម្ពុជា
លោកប្រាជ្ញ វុត្ថាប្រធានអគ្គិសនីខេត្តមណ្ឌលគីរី
លោក ថេង សេដ្ឋា អនុប្រធានអគ្គិសនីខេត្តមណ្ឌលគីរី
លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំងអំពើពុករលួយ

×