ព្រះសីហនុ ៖ សំណុំរឿងឧកញ៉ា ភិរម្យ វិចិត្រដារ៉ា វាយស្ត្រីទន់ខ្សោយម្នាក់នៅខេត្តព្រះសីហនុ ត្រូវបានលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងផែនប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ឈ្មោះ គឹម ចាន់សុធី និងឈ្មោះ ភារម្យ វិចិត្រដារ៉ា បានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងគ្នានិងគ្នារួចរាល់ ហើយឈ្មោះ គឹម ចាន់សុធី ក៏បានស្នើសុំដកពាក្យបណ្តឹង។
ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្មីៗនេះបានឃើញគណនេយ្យហ្វេសប៊ុកខាងលើបង្ហោះថា “ភិរម្យ វិចិត្រដារ៉ា ឧកញ៉ាមានលុយ វ៉ៃស្ត្រីទន់ខ្សោយ នៅខេត្តព្រះសីហនុ មិនបាច់ជាប់គុក មិនបាច់ជាប់បណ្តឹងអាជ្ញា ដោយសារមានលុយអាចប្រើខ្មោចឲ្យកិនម្សៅបាន? ? ? ? “
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជម្រាបជូនថា ករណីខាងលើបានកើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅហាងឡាវ៉ុក ជាន់ទី១២ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មកម្ល៉េះរវាងឈ្មោះ គឹម ចាន់សុធី ភេទស្រី សញ្ជាតិខ្មែរ អាយុ២៧ឆ្នាំ និងឈ្មោះ ភារម្យ វិចិត្រដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរដូចគ្នា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឈ្មោះ គឹម ចាន់សុធី និងឈ្មោះ ភារម្យ វិចិត្រដារ៉ា បានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងគ្នានិងគ្នារួចរាល់ ហើយឈ្មោះ គឹម ចាន់សុធី ក៏បានស្នើសុំដកពាក្យបណ្តឹងរបស់នាង ដែលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅថ្ងៃដដែរនោះ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់បន្ថែមថា សំណុំរឿងនេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងផែនប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕ដោយ៖បញ្ញាស័ក្តិ