ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្តាលឲ្យស្ត្រីពីរនាក់ដែលមានម្តាយ និងកូនស្រី ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងដ៏គួរឲ្យអាសូរខ្លាំងបំផុត ដោយសារតែរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកបរយ៉ាងលឿនមិនគិតពីជីវិតអ្នកដទៃ ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង កាលពីវេលាម៉ោងប្រមាណជាង ១១ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១មានឈ្មោះ មានឈ្មោះ ធន់ ស្រីពេជ្រ អាយុ ១៧ ឆ្នាំ ត្រូវជាកូន (ជាអ្នកបើកបរម៉ូតូ ) និងទី២ មានឈ្មោះ ម៉ក់ វណ្ណា អាយុ ៥៨ ឆ្នាំ ត្រូវជាម្តាយ (ជិះខាងក្រោយ)។ ជនរងគ្រោះទាំងពីរ រស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនបង្កហេតុវិញ ដែលបើករថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-1246 ព្យាយាមគេចខ្លួន ត្រូវបានសមត្ថកិច្ចដេញតាមចាប់ក្របួចបានទាំងតៃកុង និងព្រូ។
ទន្ទឹមនឹងមរណទុក្ខដ៏សែនក្រៀមក្រំនេះផងដែរ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ គុយ សៀកឡាវ ត្រូវជាគ្រូយុវតីរងគ្រោះខាងលើ ក៏បានបង្ហោះសារយ៉ាងក្តុកក្តួល សោកស្តាយយ៉ាងខ្លាំងថា៖ «អ្នកគ្រូទទួលយកមិនបានទេណា ស្រីពេជ្រ ទាំងស្អាត ទាំងរៀនពូកែ ហេតុអីក៏ទៅជាចឹង ពេលអ្នកគ្រូអត់ត្រូវម៉ោងបង្រៀន ស្រីពេជ្រមកលេងអ្នកគ្រូដល់សាលាអ្នកគ្រូស្នាក់នៅ ថានឹកអ្នកគ្រូ ហើយស្រីពេជ្រធ្លាប់និយាយថាបើបានមកកំពង់ស្ពឺ នឹងចូលលេងផ្ទះអ្នកគ្រូ ម៉េចបានទៅជាចឹងលឿនពេកហើយ ទើបលេងឈែតជាមួយគ្នាសោះហ្នឹង សូមប្អូនទៅកាន់សុខគតិភព ជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះ»៕ ដោយ៖ លឹម ហុង