ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបង្ក្រាបទីតាំង ដាយម៊ិនម៉ាស្សា ដែលសង្ស័យបង្កប់សេវាកម្មផ្លូវភេទស្ថិតនៅផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាប និងបិទទីតាំង ម៉ាស្សាក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យមានបម្រើសេវាកម្មផ្លូវភេទ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោក សុខ ពេញវុធជាអភិបាល បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។
លោក សុខ ពេញវុធ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងម៉ាស្សា «Diamond Massage» នេះតែម្ដង។ លោកបន្តថា នៅពេលកម្លាំងជំនាញចុះទៅដល់ទីតាំងម៉ាស្សានេះ មិនបានបើកទ្វារនោះទេ គឺបិទទ្វារចាក់សោ ដោយមានតែសន្ដិសុខម្នាក់ប៉ុណ្ណោះនៅយាម ប៉ុន្តែដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តិសុខរូបនេះទៅសួរនាំបន្តទៀត៕ដោយ៖ហេង វុត្ថា