ភ្នំពេញ ៖ នគរបាលម្នាក់ ឈ្មោះ ហីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិធី ។
លោកមេប៉ុស្តិ៍ស្រះចក បានបញ្ជាក់ថា ប៉ូលិសម្នាក់ឈ្មោះហីង តុលា ពិតជាកូនចៅគាត់មែន ឥឡូវបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញហើយ បន្ទាប់ជនសង្ស័យ៨នាក់ បានចង្អុរថា ប៉ូលិសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ ។ នគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះពិតប្រាកដមែន ។
សូមជម្រាបថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានបង្ក្រាប បទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន ២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត បន្ទាប់មកទើបឈានទៅដល់កាឃាត់ប៉ូលិសខាងលើនោះតែម្ដង ៕ដោយ៖ហេង វុត្ថា