ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើងចំនួន ១៧៣១លើក ស្លាប់មនុស្សចំនួន ៨៧៣នាក់ របួសចំនួន ២៦៣៣នាក់ ក្នុងនោះរបួសធ្ងន់ ១៥៨៧នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កើតឡើងចំនួន ៨លើក ស្លាប់ ៧នាក់ របួស ១១នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និងស្រាល ៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបន្តថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២២៥១១៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៦៦២៦២គ្រឿង និងរថយន្តមានចំនួន ៥៨៨៥៦គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕ដោយ៖CEN