ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលរថយន្តចំនួន ១០គ្រឿង ក្នុងនោះមានរថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈ ចំនួន ០៦គ្រឿងពីក្រុមហ៊ុនកម្ពុជាតេលា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
រថយន្តទាំង ១០គ្រឿងនេះ គឺជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែងតែបានជួយឧត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការជួយដោះស្រាយតម្រូវការផ្សេងៗរបស់កងទ័ពនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្តល់រថយន្តទាំង ១០គ្រឿងនៅពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ បទពិសោធន៍ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជាចេញធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមមុខព្រួញនានា ហើយតម្រូវការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។
លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមានតម្រូវការក្នុងកាលៈទេសៈណាក៏ដោយ គឺក្រុមហ៊ុននឹងត្រៀមជួយដោះស្រាយឱ្យអស់លទ្ធភាព៕
ដោយ៖CEN