Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួ​ឲ្យ​អាសូរ​ណាស់​បុរស​ម្នាក់ កំពុងតែ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២៧១ ត្រូវ​រថយន្តបុក ហើយ​កិន​ស្លាប់​ភ្លាម នៅនឹងកន្លែង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​រថយន្តបុក​ហើយ​កិន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ក្រោយពេល​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវ ២៧១ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២​នាទី​រសៀល ថ្ងៃទី ២៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅត្រង់ចំណុច​ស្ថានីយ​បូមទឹក​បឹងត្របែក ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ដែល​ក្រុមការងារ​យើង​ទទួលបាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នោះ គឺមាន​ឈ្មោះ ប៊ុត សុភ័ក្ដ្រ អាយុ ៣០ ឆ្នាំមាន​មុខរបរ​ជាជាង​កាត់សក់ សព្វថ្ងៃ​ស្នាក់នៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក QBTX ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1GU 65-99 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ ២៧១ រីឯ​រថយន្ត​បង្ក​វិញ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចង្កូត​ស្ដាំ ពណ៌​ស​ពាក់​ផ្លាកលេខ​Tk-19-85 អ្នកបើកបរ​មានឈ្មោះ ហឿន​រ៉ាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​២៧១ ស្រប​ទិសដៅ​គ្នា​ជាមួយនឹង​រថយន្ត​បង្ក ខណៈពេល​មកដល់​និង​ត្រង់​ស្ថានីយ​បូមទឹក​បឹងត្របែក ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ា​កបាន​ទាក់​ដៃចង្កូត​គ្នា បណ្ដាលឱ្យ​ម៉ូតូ​របស់​ជនរងគ្រោះ​ដួល​ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​ខ្សាច់ មកពី​ក្រោយ​កិន​បែកក្បាល​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង​។​

​រួច​ក៏​ព្យាយាម​បើក​រត់​រហូត​ទៅដល់​ផ្លូវ ៦០ ម៉ែត្រ ទើប​សមត្ថកិច្ច​ដេញ​ពីក្រោយ​តាម​ចាប់​ឃាត់ខ្លួន បាន​ទាំង​រថយន្ត​បាន​ទាំង​អ្នកបើកបរ​បង្ក ។​
​រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ដឹក​យកទៅ​រក្សាទុក​នៅ​វត្ត​កៀនស្វាយក្នុង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះមក​ដល់ ដើម្បី​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ជនរងគ្រោះ ព្រមទាំង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕​ដោយ​៖​ហេង​វុត្ថា​

 

 

spot_img
×