ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកទៅបុករថយន្តម៉ាកព្រូសចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូសក្រឡាប់ផ្ងារជើងនិងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ចំណែកឯរថយន្តបង្កព្យាយាមបើករត់តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់បាន។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥១ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តជនរងគ្រោះបានបញ្ជាក់ថាមុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាកព្រូសមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 2AM 85 29 រួមដំណើរគ្នាបួន នាក់ក្នុងទិសដៅពីជើងមកត្បូងបម្រុងត្រឡប់ទៅផ្ទះវិញ ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលពាក់ផ្លាកលេខ ភ្នំពេញ 2AG 8998 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុល្បឿនលឿនមកបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសធ្ងន់ស្រាលបួននាក់។ ចំណែកឯជនបង្កក៏បានព្យាយាមបើករត់គេចតែរត់មិនរួចត្រូវកម្លាំងសមត្ថកិច្ចអត់បានភ្លាម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សា មេត