ភ្នំពេញ÷យុវជនប្រុសស្រីពីរនាក់បើករថយន្តអូឌីបម្រុងនឹងបត់មិនផុតក៏ជ្រុលទៅបុករះកន្លែងលក់ស្រាក្រឡុកបណ្ដាលឲ្យរងរបួសម្នាក់និងរងការខូចខាតសម្ភារមួយចំនួន។ ចំណែកម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃសុក្រទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចអគ្គិសនីក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋកំពុងតែអង្គុយនៅកន្លែងស្រាក្រឡុកបានបញ្ជាក់ថាមុនពេលកើតហេតុគេឃើញយុវជនប្រុសស្រីពីរនាក់បើករថយន្តម៉ាកអូឌីមួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 2BL7897 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង មកដល់ផ្លូវកោងបម្រុងនិងបត់ក៏ជ្រុលទៅបុករះចូលកន្លែងលក់ស្រាក្រឡុកបណ្តាលឲ្យរងរបួសម្នាក់និងរងការខូចខាតសម្ភារលក់ដូជាច្រើនផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ធ្វើការវាស់វែងយករថយន្ត និងម្ចាស់ទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌដើម្បីរង់ចាំដោះស្រាយជាមួយជនរងគ្រោះនៅពេលក្រោយ៕ ដោយ៖សា មេត