ភ្នំពេញ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ តុលាការខេត្តមណ្ឌលគិរី នឹងប្រកាសសាលក្រម លើសំណុំរឿងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារ៉ោមពាក់ព័ន្ធករណីឈូសឆាយ រំលោភយកដីព្រៃសហគមន៍ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រម្យនា ក្រុងសែនមនោរម្យ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់២៣ហិកតា។
ការប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែធ្នូ គឺបន្ទាប់ពីតុលាការខេត្តមណ្ឌលគិរី បានលើកយកសំណុំរឿង មិនប្ដឹង បរិហារបទឧក្រិដ្ឋឬបទមជ្ឈិម ដោយអ្នករាជការសាធារណៈជាអាទិ៍ ដែលបានប្រព្រឹត្តទៅនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានលោកយន់ សារ៉ោមប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ជាជនជាប់ចោទមកបើកសវនាការជំនុំជម្រះ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
សវនាការនេះមានលោក ញាណ សុវណ្ណ ជាចៅក្រមជំនុំជម្រះ លោក មាស វឌ្ឍនាជាតំណាងអយ្យការ និង លោក ឃិន ចាន់រ័ត្ន ជាក្រឡាបញ្ជីសវនាការ ។ ក្រោយការសួរដេញដោលជនជាប់ពាក់ព័ន្ធ និងសាក្សីតែអវត្តមាន លោក យន់ សារ៉ោមតាមនីតិវិធីរួចហើយ តុលាការបានលើកពេលប្រកាសសាលក្រមទៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។
ការចោទប្រកាន់ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានកើតឡើងបន្ទាប់ពីមានពាក្យបណ្តឹង បណ្ដឹងជាច្រើនបានប្ដឹងលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តមណ្ឌលគិរី ករណីឈូសឆាយរំលោភយកដីព្រៃសហគមន៍ ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅ ភូមិស្រែអ៊ី សង្កាត់រម្យនា ក្រុងសែនមនោរម្យ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ ២៣ ហិកតាដោយមានរបាយការណ៍ របស់គណៈកម្មការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលរកឃើញថា លោក យន់ សារ៉ោម ពិតជាបានរំលោភយកដីព្រៃសហគមន៍ អស់២៣ហិកតាប្រាកដមែន ។
មាត្រា ៥២៨ នៃ ក្រមព្រហ្មទណ្ឌ បានចែងថា ៖ បើអ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត មិនប្ដឹងបរិហារបទឧក្រិដ្ឋ ឬបទមជ្ឈិមទៅអាជ្ញាធរ សមត្ថកិច្ចអយ្យការទេ ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ៕ដោយ៖CEN