ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីមានការដឹងថា មានការឆ្លងជំងឺកូវីដ19 ពីភរិយារបស់លោកឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ហើយមកដល់ពេលនេះបានរកឃើញនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងក្រុមគ្រួសារគណៈនាយកពន្ធនាគារ ចំនួន 8នាក់ ហើយប្រសិនបើកូនស្រីរបស់គាត់ តែនៅសៀមរាបឃើញវិជ្ជមានហើយត្រូវបានបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រវានឹងឡើងទៅដល់ចំនួន 9នាក់ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះគឺជាករណីធ្ងន់ធ្ងរមួយដែលចាប់ផ្ដើមឆ្លងពីសហគមន៍តែម្ដងដែលយើងមិនដឹងថាប្រភពនេះវាចេញមកពីទីណាពិតប្រាកដតើឆ្លងចេញពីសៀមរាបឬពីទីក្រុងភ្នំពេញ។ ដោយមូលហេតុនេះហើយបានជាយើងទៅធ្វើសកម្មភាពបន្ទាន់ជាពិសេសនៅទីក្រុងភ្នំពេញនៅថ្ងៃនេះក្រសួងសុខាភិបាលបានខិតខំធ្វើនៅទីតាំងជាច្រើនដោយបូករួមជាមួយនឹងបណ្ដាខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យគឺធ្វើបានចំនួនច្រើននិងខេត្តមួយចំនួនទៀតក៏បានធ្វើ។ ក្នុងស្ថានភាពបន្ទាន់នេះសុំអំពាវនាវចំពោះបងប្អូនទាំងអស់ចូលរួមយកសំណាកដើម្បីធ្វើតេស្តខ្លួនធ្វើចត្តាឡីស័ក 14 ថ្ងៃសុខាភិបាលនេះគឺជាបញ្ហាធ្ងន់ធ្ងរណាស់សម្រាប់យើងដែលមិនធ្លាប់មាននៅក្នុងរយៈពេល 11 ខែដែលបានឆ្លងកាត់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។
សម្ដេចតេជោហ៊ុនសែនបានបន្តថាកាលពីល្ងាចថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2020 នេះសម្ដេចបានពិភាក្សាជាមួយសម្ដេចក្រឡាហោមសខេងសុំឱ្យបិទផ្នែកណាមួយរបស់ក្រសួងមហាផ្ទៃ ហើយអនុញ្ញាតឲ្យមន្ត្រីបានធ្វើការពីផ្ទះមកកាន់ស្ថាប័នតែម្តង សម្ដេចក៏ផ្ដល់ការអនុញ្ញាតបែបនេះជូនស្ថាប័ននានាផងដែរគឺអនុញ្ញាតឱ្យរដ្ឋមន្ត្រីមានសិទ្ធិបិទផ្នែកណាមួយឬបិទទាំងស្រុងនៅក្រសួងហើយដំណើរការពីផ្ទះ។ ព្រោះឥឡូវនេះឃើញថា រដ្ឋមន្ត្រីដែលមានការពាក់ព័ន្ធរឿងប្រុសមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងមានរដ្ឋលេខាធិការមួយចំនួនផ្សេងទៀតដែលមានការពាក់ព័ន្ធ៕ដោយ៖CEN