Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលក្រុងពោធិ៍សាត់ បំបែកសំណុំរឿងលួច និងទទួលផលចោរកម្មម៉ូតូ ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជាបន្តបន្ទាប់

ខេត្តពោធិ៍សាត់ ៖ អនុវត្តតាមបញ្ចាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួច និងទិញ-លក់ម៉ូតូមិនស្របច្បាប់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកវរសេនីយ៍ទោ ស៊ឹង សេរីចរិយា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា កាលពីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥៖២០នាទី មានករណីលួចម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ (ស្លាកលេខ ពោធិ៍សាត់ 1F-1357) ជារបស់ជនរងគ្រោះឈ្មោះ ភាព តុប ភេទស្រី អាយុ ២៥ឆ្នាំ ជាបុគ្គលិកកិច្ចសន្យាសាលាខេត្ត។ ម៉ូតូត្រូវបានចោរលួច ខណៈទុកនៅក្រោមដើមស្វាយ ក្បែរបន្ទប់ជួល ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ លោកបានបន្តថា ផ្អែកតាមរូបភាពកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានកំណត់អត្តសញ្ញាណចោរដៃដល់ និងឈានទៅដល់ការបង្ក្រាបខ្សែរយៈបន្តបន្ទាប់ចំនួន៧នាក់ដូចខាងក្រោម ឃាត់ខ្លួនជនដៃដល់ ឈ្មោះ អន រតនា (ហៅម៉ាប់) អាយុ ១៧ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៥ ខែកុម្ភៈ។ រូបគេបានសារភាពថា ពិតជាបានលួចម៉ូតូនោះមែន ហើយយកទៅឱ្យឈ្មោះ ឈឹម សាម៉េត (ហៅចិន)។
ឃាត់អ្នកចាត់ចែងលក់ ឈ្មោះ ឈឹម សាម៉េត បានយកម៉ូតូទៅឱ្យឈ្មោះ លឹម ម៉ៅ ដើម្បីរកម៉ូយទិញ។
ឃាត់ខ្លួនបណ្តាញទិញ-លក់បន្ត (នៅស្រុកបាកាន) តាមរយៈការសហការរវាងនគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍នគរបាលស្នាមព្រះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់បន្ថែមទៀត រួមមាន៖ ឈ្មោះ រ៉ូត រី (ហៅគ្រី) ជាអ្នករកម៉ូយ។ ឈ្មោះ ប្រាក់ សុវណ្ណៈ (ហៅម៉ាប់) ជាអ្នកសម្របសម្រួលការលក់។ ឈ្មោះ ម៉េត យូ (ហៅកែប) អ្នកទិញបន្តក្នុងតម្លៃ ៧០០,០០០រៀល។ និងឈ្មោះ លី គីមឡាយ អ្នកទិញចុងក្រោយក្នុងតម្លៃ ៧២០,០០០រៀល។
លោកវរសេនីយ៍ឯក កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា សមត្ថកិច្ចបានដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញ ដែលត្រូវបានជនសង្ស័យឈ្មោះ លី គីមឡាយ យកទៅកែច្នៃ ប្តូរតែមឡើងស៊េរីឆ្នាំ២០១៥ និងបន្លំដាក់ស្លាកលេខថ្មី (ពោធិ៍សាត់ 1C-8621) ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×