ភ្នំពេញ៖ស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូបត់មិនប្រយ័ត្នត្រូវរថយន្តដឹកខ្សាច់ បុកពីក្រោយកិនពីលើបណ្ដាលឲ្យស្លាប់ នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម ។ ចំណែកឯតៃកុងរថយន្ត ត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ជូនសមត្តកិច្ច។
ហេតុការណ៍ដែលកើតឡើងនៅវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃចន្ទទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឯម ឡៃ ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរ ដើលក់ផ្ការ មានកូន ៤ នាក់
មានស្រុកកំណើត នៅភូមិអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីអ្នកមីងម្នាក់ ដែលស្គាល់ជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកគុបមូលមួយគ្រឿង មិនមានផ្លាកលេខ ដឹកផ្កាដើរលក់ចេញពីផ្សារដើមគរទៅមុខព្រះបរមរាជវាំង រួចបម្រុងនឹងជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុបម្រុងនឹងបត់ ក៏ត្រូវថយន្តដឹកខ្សាច់មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 3F 0210 ធ្វើដំណើរពីក្រោយក្នុងទិសដៅស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង រួចកិនពីខាងលើបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ ចំណែកម៉ូតូវិញជាប់នៅខាងក្រោមរថយន្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកដល់រួចប្រគល់ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ឱ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅខាងចរាចរណ៍ជំនាញក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯសព ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត