ភ្នំពេញ ៖ បងប្អូន៣ នាក់មកពីខេត្តស្វាយរៀង មកលក់រថយន្ត ដើម្បីយកលុយទិញរថយន្តថ្មីជិះវិញ ស្រាប់តែបែកគំនិតនាំគ្នាចូលម៉ាស្សា ត្រូវគេបន្លំយកលុយអស់ ៥០០០$រួចផ្អើលឆោឡោរកសមត្តកិច្ចជួយអន្តរាគមន៍។ ហេតុការណ៍ដែលកើតឡើងនៅវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមសម្ដីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាបីនាក់ បានបើករថយន្តូកូរ៉េមួយគ្រឿង មកពីខេត្តស្វាយរៀង យកមកលក់នៅភ្នំពេញម្ដុំផ្លូវលេខ២០០៤ រួចបានលុយ១០៥០០ដុល្លារ ។ ពេលលក់បានលុយហើយក៏បែកគំនិតបាននាំគ្នាទៅចូលម៉ាស្សាកោសជប់ ដើម្បីឲ្យស្រួលខ្លួនបន្តិច ។ ខណៈគាត់ដោះខោអាវ និងកាបូប គាត់យកទៅព្យួរទុកមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកស្រែកនៅខាងមុខហាង ធ្វើជាឆោឡោថា ប៉ូលិសមកហើយ រួចបានជិះម៉ូតូចេញទៅបាត់ ធ្វើឲ្យគេទាំងបីនាក់ មានការភិតភ័យដោយខ្លាចប៉ូលិសចាប់ដែរ ព្រោះគេហាមមិនឲ្យបើកហើយពេលនោះ ក៏នាំគ្នាចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ ។ ស្រាប់តែពេលមកដល់ផ្ទះសំណាក់ ហើយបានដោះកាបូបស្ពាយចេញ រួចឆែករាប់លុយនៅក្នុងនោះស្រាប់តែបាត់លុយ ៥០០០$ រួចក៏បានយកលុយដុល្លារក្លែងក្លាយចំនួន ៦០០$ ដាក់បន្លំក្នុងការបូបវិញ ហើយភ្លាមៗនោះ ជនរងគ្រោះក៏បានតេហៅសមត្ថកិច្ចសុំជួយអន្តរាគមន៍ និងទៅដាក់ពាកបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។ ចំណែកឯម្ចាស់ទីតាំងវិញ ចាក់សោបិតទ្វាររត់គេចខ្លួនបាត់ស្រមោល៕ដោយ៖សាមេត