បាត់ដំបង៖ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យសុខាភិបាល បានមានប្រសាសន៍ថាទោះបីកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ១៩ ដូចបណ្ដាប្រទេសក្នុងសកលលោក តែការងារផ្ដល់សេវាសុខាភិបាល ក្នុងការព្យាបាលជំងឺផ្សេងៗជូនពលរដ្ឋទាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងនៅមន្ទីរឯកជននៅតែបន្តប្រព្រឹត្តិទៅដោយរលូន ក្នុងនោះក៏មានការផ្ដល់សេវាលើអ្នកជំងឺអេដស៍ផងដែរ។
ការលើកបែបនេះ ក្នុងទិវាសកលលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា”។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធានអង្គការ AHF បានមានប្រសាសន៍ថាជាការលំបាកក្នុងការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក្នុងរយៈពេល១ឆ្នាំមកនេះ ដោយសារមានជំងឺដ៏កាច់សាហាវមួយទៀតគឺជំងឺកូវីដ១៩ លំបាកក្នុងការទប់ស្កាត់ ព្រោះជាប្រភេទជំងឺផ្ដាសាយធំ ហើយការចម្លងគឺងាយ។ក្នុងកាលៈទេសៈមានបញ្ហាជំងឺកូវីដ១៩នេះគឺមានការព្រួយបារម្ភ ពីផែនការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ព្រោះជំងឺអេដស៍នៅតែជាបញ្ហាចម្បង របស់ពិភពលោកនិងនៅកម្ពុជា ទោះបីកម្ពុជាទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងមេរោគអេដស៍និងជំងឺអេដស៍ តែការងារមិនទាន់បានបញ្ចប់នៅឡើយ។
លោកស្រី ស៊ុ ចិន្តា អភិបាលរងខេត្តបាត់ដំបងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍រូចហើយ ក៏បានមានប្រសាសន៍ថាខណៈជំនួយរបស់អន្តរជាតិ ក្នុងការងារកាត់បន្ថយនូវជំងឺអេដស៍ កាន់តែថយចុះនោះ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំបង្កើនថវិកាជាតិ ជួយទិញឱសថព្យាបាលអ្នកជំងឺអេដស៍ទៅទៀត ជាមួយនឹងការពង្រីកថវិកាសេវាសង្គមនៅថ្នាក់ក្រោមជាតិ។ក្នុងពង្រីកថវិកានេះ ដើម្បីឲ្យមន្ត្រីមូលដ្ឋាននៅក្នុងឃុំសង្កាត់ អាចប្រើប្រាស់ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺអេដស៍បានទៅតាមលទ្ធភាពនៃកំណើតសេដ្ឋកិច្ចប្រចាំឆ្នាំ។
លោកឱសថបណ្ឌិត វឿត ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្ដេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ ក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩នេះ ដើម្បីឆ្ពោះទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥៕ ដោយ៖អ៊ុងសារុំ