ខេត្តកំពង់ចាម: សមរភូមិក្រោយតែងតែផ្សារភ្ជាប់ជាមួយសមរភូមិមុខគ្រប់ពេលវេលា។ជាក់ស្ដែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ផ្ដល់ជូនវីរៈកងទ័ពជួរមុខ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។ ចំពោះការចំណាយលើថ្នាំសង្កូវគឺព្យាបាលដោយឥតគិតថ្លៃក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
បើតាមនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តលោក ទូច ឆៃ បានឱ្យដឹងថា: លោកនាយចំណង់ យឹង យីង អាយុ ៦០ ឆ្នាំ និង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ឆ្នាំ ជាវីរយុទ្ធជនជួរមុខ នៅប្រសាទតាក្របី មានជម្ងឺលើសសម្ពាធឈាម និង រលាកសរសៃឆ្អឹងខ្នង រួមទាំងឆ្អឹងផាល ។ ពួកគាត់មានគ្រួសារនៅក្នុងស្រុកបាធាយ ដោយលោកនាយចំណង់ យឹង យីង រស់នៅភុមិ ជ្រែក ឃុំបាធាយ រីឯលោកព្រឹន្ទបាលឯក ដួង ចិន្ត្រា រស់នៅ ភូមិបែកពាង ឃុំជាលា ។ ប៉ុន្តែដោយមានបញ្ហាសុខភាព វីរយុទ្ធជនជួរមុខទាំង ២រូប ត្រូវបានមេបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យបង្អែកស្រុកតែម្តង ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។សូមបញ្ជាក់ថានេះជាលើកទី២ហើយ ដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយវារៈយុទ្ធជនជួរមុខដែលលើកទីមួយគឺអ្នកនៅបាធាយនេះផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









