Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកម្ពុជានិងចិន ​រកឃើញ​ស្រី​ខ្មែរ​ម្នាក់​ចាញ់បោក​មេខ្យល់​ឲ្យ​ទៅ​រៀបការ​ប្តី​ជនជាតិ​ចិន ត្រូវបាន​គេ​បង្ខាំង​បិទ​សិទ្ធិសេរីភាព​ក្នុងការ​រស់​នៅឯ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ ៖ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ត្រូវបាន​មេខ្យល់​ឆបោក​ឲ្យ​ទៅ​រៀបការ​ជាមួយ​ប្ដី​ជនជាតិ​ចិន ហើយ​ត្រូវបាន​គេ​បង្ខាំង​បិទ​សេរីភាព​ក្នុងការ​រស់នៅ និង​បាន​ទទូច​ស្នើសុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​អន្តរាគមន៍​នាំមក​ប្រទេស​កម្ពុជា​នោះ ត្រូវបាន​រកឃើញ​ហើយ និង​បាន​បញ្ជូនទៅ​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​អនុវត្ត​នីតិវិធី​ធ្វើ​បត្យាប័ន​មក​កម្ពុជា​វិញ ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ បានបញ្ជាក់​ឲ្យ​ដឹងថា ការទទួល​ជោគជ័យ​ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​អាសយដ្ឋាន​ស្នាក់​នៅឯ​ប្រទេស​ចិន​របស់​នារី​រងគ្រោះ​ខាងលើ និង​បានធ្វើ​ការសង្គ្រោះ​នោះ គឺ​បានទទួល​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ចិន និង​អាជ្ញាធរ​កម្ពុជា ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​គណនី​ឈ្មោះ វាសនា​កូនស្រី​ទី​៤ ដោយបាន​សរសេរ​ខ្លឹមសារ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ពុំមាន​សេរីភាព​ក្នុងការ​រស់នៅ បន្ទាប់ពី​ចាញ់បោក​មេខ្យល់​រៀបការ​ប្ដី​ជនជាតិ​ចិន និង​ទ​ទួ​ច​សំណូមពរ​ឲ្យ​អាជ្ញាធរ​កម្ពុជា​អន្តរាគមន៍​ជួយសង្គ្រោះ​ត្រឡប់មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​។ ក្នុង​ខ្លឹមសារ​សំណេរ​បញ្ជាក់ថា នាង​មានឈ្មោះ ធួ​ក សុ​ភី អាយុ ២០ ឆ្នាំ នៅ​ភូមិ​ឃ្សឹប​ក្រៅ ឃុំ​ឃ្សឹប​ក្រៅ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ឯកឧត្តម ជីវ ផល្លី បាន​ថ្លែងថា អនុវត្តតាម​មតិ​ចង្អុល​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម លោកជំទាវ អគ្គ​ស្នងការរង​ទទួល​ផែន​ការងារ​ជំនាញ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ធ្វើការ​ស្រាវជ្រាវ​ស្វែង​រកឃើញ​សាច់ញាតិ និង​សាកសួរ​ព័ត៌មាន​លម្អិត ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​មេខ្យល់ ព្រមទាំង​បាន​ស្រប​សម្រួល​ឱ្យ​ម្ដាយ​នារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា នាយកដ្ឋាន​បាន​សហការ​ជាមួយ​ក្រុម​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​តម្រុយ និង​ទីកន្លែង​ស្នាក់នៅ​របស់​ជនរងគ្រោះ​ខាងលើ ដើម្បី​មាន​មូលដ្ឋាន​ពិតប្រាកដ​ក្នុងការ​អនុវត្ត​នីតិវិធី​អន្តរាគមន៍​សង្គ្រោះ ។​

​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន បាន​បញ្ជូន​ព័ត៌មាន​បន្ថែមទៀត រួមមាន​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​អាសយដ្ឋាន អត្តសញ្ញាណ​បណ្ណ​ប្ដី​ជនជាតិ​ចិន ឲ្យ​ទៅ​ក្រុមការងារ​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ស្រាវជ្រាវ​សង្គ្រោះ ទើប​នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ចិន​បាន​ឆ្លើយតប​ថា បាន​រកឃើញ​នារី​រងគ្រោះ និង​បាន​សង្គ្រោះ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា ក្នុងនាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​នាយកដ្ឋាន​ជំនាញ សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​អាជ្ញាធរ​ចិត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ បានរួម​ចំណែក​លើ​ការងារ​នេះ ពិសេស​សូម​អរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​តែងតែ​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏ដូចជា​ការចូលរួមចំណែក​ស្វែងរក​យុត្តិធម៌​សង្គម ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×