ភ្នំពេញ៖រថយន្តធុនទ្រាមួយគ្រឿងបើកចេញពីផ្ទះសំណាក់មិនប្រយ័ត្ន ក៏ត្រូវម៉ូតូបុកចំពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯម្ចាស់រថយន្ត ក៏បានបើកចូលផ្ទះសំណាក់វិញ រួចគេចខ្លួនបាត់ស្រមោល ហើយក៏បានកាច់ផ្លាកលេខចេញពីរថយន្តចោលទៀត។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ០០និង ៣០ នាទីយប់ឈានចូលថ្ងៃព្រហស្បតិ៍ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ សីហា ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរធ្វើចុងភៅ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកធុនទ្រាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AM 8866 បើកចេញពីផ្ទះសំណាក់ក្នុងទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែត្រូវម៉ូតូមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 1GM 9251 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនជ្រុលមកបុកចំពីខាងមុខ រថយន្តពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កវិញ បើកចូលផ្ទះសំណាក់បាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចុះ ទៅដល់រួចក៏ធ្វើការអត់វាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រួចធ្វើកំណត់ហេតុប្រគល់សព ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត