ភ្នំពេញ ៖ តារាចម្រៀង មាស សុខសោភា នៅសុខៗស្រាប់តែត្រូវនារីម្នាក់ ចេញមុខរិះគន់ធ្ងន់ៗថា ឈ្លើយនិងឫក ពេលជួបខាងក្រៅ ព្រោះបានបដិសេធមិនព្រមថតរូបជាមួយខ្លួន ថែមទាំងដើរកន្លងម្ហូបអារហារដែលខ្លួនញាំទៀត។
តាមរយៈគណនីតិចតុកមួយដែលមានឈ្មោះថា យ៉ាលីន បានបង្ហោះវីដេអូរិះគន់ធ្ងន់ៗ ចំពោះតារាចម្រៀង មាស សុខសោភា និងមិត្តភក្តិថា «តារាចម្រៀង មាស សុខសោភា ជួបផ្ទាល់នៅភ្នំគូលែនឈ្លើយណាស់ ហើយឫកណាស់ រើសអើងណាស់ ខ្ញុំស្គាល់ច្បាស់ជាងគេគឺ មាស សុខសោភា គឺមិនច្រឡំទេ រាក់ទាក់គេសុំគេថតជាមួយគេឆ្លើយមកសោះអង្គើយថាថតមិនបានទេ ហើយគ្នីគ្នារបស់តារាចម្រៀង មាស សុខសោភា ៣នាក់ទៀត ដែលមានម្នាក់ប្រុសមិនប្រុសស្រីមិនស្រី គេឆ្លើយថាថតមិនបានទេ។ នាងបន្តទៀតថា មិនបានក៏មិនអី ស្រាប់តែសុខៗក្រុមតារាចម្រៀង មាស សុខសោភា ក៏មកដណ្តើមកន្លែងដែលខ្លួនលេង កន្លងម្ហូបអាហារដែលនាងញាំ ថែមទាំងមានមីកាម៉ាប់ម្នាក់ចង់គៀរនាងទម្លាក់ទឹកទៀត នាងមិនគោរពទេមនុស្សអស់អីចឹង ហៅវាមីទៅល្អជាង និងហើយមិនបាច់គួរសមនិងពួកវាទេ តារាអស់អញ្ចឹង»។
ក្រោយការបង្ហោះវីដេអូនោះរួចមក ក៏មានអ្នកលេងបណ្តាញសង្គមតិចតុកជាច្រើន ជាពិសេសអ្នកគាំទ្រតារាចម្រៀង មាស សុខសោភា បានចូលទៅខមិនតបតទៅនារីម្នាក់នោះវិញ ដោយអ្នកខ្លះនិយាយថា «សម្រាប់ខ្ញុំផ្ទាល់មិនកាន់ជើងខាងណាទេតែបើបង មាស សុខសោភា ឫក អស់អ្នករួសរាយហើយ, បើគេឆ្មើងឆ្មៃ គេមិនមែនសាងកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃទេ, ខ្ញុំជាតារាសម្តែង ខ្ញុំធ្លាប់ជួបគាត់ រួសរាយទាំងក្រៅនិងក្នុង ហើយចិត្តល្អទៀត, គ្មានអ្នកណាជឿបងទេ បងនិយាយពន្លើសច្រើនពេក ព្រោះអ្នកដែលជួបគាត់មិនមែនតែបងម្នាក់ ហើយអ្នកដែលជួបភាគច្រើន គឺផ្ទុយពីការនិយាយរបស់បង»។
គួរបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា គឺជាតារាចម្រៀងស្រីលំដាប់ជួរមុខម្នាក់ប្រចាំប្រទេសកម្ពុជា ដែលមនុស្សភាគច្រើនបានទទួលស្គាល់ពីទឹកដមសំឡេងពីរោះ ក្រអួនក្រអៅអាចបត់បែនបានគ្រប់ទម្រង់ ទាំងបុរាណនិងសម័យ ហើយអ្នកដែលស្រឡាញ់គាំទ្រ មាស សុខសោភា ក៏មានគ្រប់វ័យផងដែរ ជាងនេះទៅទៀតតាំងពីប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះ គេកម្រឃើញមានអ្នកគាំទ្រណារិះគន់តារាចម្រៀង មាស សុខសោភា នេះណាស់ មានតែទទួលបានការកោតសរសើរពីអត្តចរិតរួសរាយ រាក់ទាក់ ស្មើចុងស្មើដើម ទាំងជាមួយអ្នករួមការងារនិងអ្នកគាំទ្រ៕ រក្សាសិទ្ធដោយ៖ កូលាប ក្រហម
\