ភ្នំពេញ÷បុរសម្នាក់បើករថយន្តក្នុងល្បឿន បួងចង្កូតឆ្លងផ្លូវ ទៅបុកនិងម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល រួចបើកបន្តទៅបុករះកូនឈើ និងរបងដែកបាក់មួយផ្ទាំង ទើរត្រឹមនឹង ទៅមុខលែងរួច ចំណែកឯម្ចាស់រថយន្តវិញ រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋ ជួយគាស់យកចេញពីរថយន្ត បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១០ និង១៥នាទីព្រឹក ថ្ងៃអង្គារទី៨ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបន្តពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ស្គុប ពី ពណ៌ស មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 1TH 55 45 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ហាណូយ ក្នុងទិសដៅ ពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានរថយន្តស៊េរីទំទើបមួយគ្រឿង ដែលពាក់ផ្លាកលេខ 2V 81 46
បើកបរដោយបុរសម្នាក់ធ្វើដំណើរ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន ឆ្លងផ្លូវមកបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យ រួចបន្តបើកទៅមុខឡើងខឿន ទៅបុករះដើមឈើ និងបុករបងដែកបាក់អស់មួយផ្ទាំង ចំណែករថយន្តវិញ រងការខូចខាតផ្ទៃខាងមុខស្ទើរទាំងស្រុង ។
ប្រភពបន្តែមពីសមត្ថកិច្ច បានបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននរណាម្នាក់ បាត់បង់ជីវិតនោះឡើយ គឺគ្រាន់តែរងរបួសទាំងជនរងគ្រោះ ទាំងអ្នកបង្ករបួសធ្ងន់ និងស្រាលតែបុ៉ណ្ណោះ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងជំនាញចរាចរណ៍ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ បន្តទៅឲ្យខាងជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួចស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅចរាចរណ៍ក្រុង រង់ចាំដំណោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត