ក្រុងសៀមរាប៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធអំពើលួចម៉ូតូ និងវត្ថុតាង ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការជាមួយផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតបានម៉ូតូ១ គ្រឿង ម៉ាកហុងដា ស្កុបពីពណ៌ស (បិទស្គុតពណ៌ខៀវ) ស៊េរីឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប យកមកធ្វើការសួរនាំ ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យរូបនេះ បានសារភាពថា រូបគេមានឈ្មោះ សារ សារី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើតភូមិជំុនីក ឃុំជុំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចប្បន្នស្នាក់នៅបន្ទប់ជួល មួយកន្លែងក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅចំណុច មុខការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ហើយយកទៅបិតស្គុតពណ៌ខៀវ និងដោះផ្លាកលេខចេញ ដើម្បីបន្លំភ្នែកសមត្ថកិច្ច និងអ្នកដទៃ កុំឱ្យមើលស្គាល់ថាជាម៉ូតូដែលរូបគេ បានធ្វើសកម្មភាពលួចបាន។
ម៉ូតូដែលដកហូតបានមកវិញខាងលើនេះ ពាក់ផ្លាកលេខ សៀមរាប 1AH-3681 មានលេខតួ និងលេខម៉ាស៊ីន ៨១៧១៥៥៨ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងពិតាន រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប បានបាត់ដោយសារមានជនមិនស្គាល់មុខលួចយក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០កន្លងនៅចំណុច មុខការដ្ឋានសំណង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ បន្ទាប់ពី បានរកឃើញមកវិញ និងដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងសៀមរាបយើង បានធ្វើការប្រគល់ទទួលជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញរួចហើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ