ភ្នំពេញ៖ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ច្បារអំពៅ នោះប្រាកដណាស់ជាបានស្គាល់ហើយ ពីពូប៉ូលិសចរាចរណ៍ម្នាក់ ដែលតែងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ជារៀងរាល់ថ្ងៃ។
ពិតមែនហើយ លោកពូប៉ូលិសខាងលើដែលត្រូវបានគេស្គាល់ឈ្មោះ រស ហ៊ន តែងតែបម្រើជនបងប្អូនប្រជាពលរដ្ឋ ក្នុងការសម្រួលចរាចណ៍ ដោយមិនគិតពីការនឿយហត់ មិនថាហាលថ្ងៃ ហាលភ្លៀងនោះទេ។ ជាមួយការពុះពារនឹងការងារដោយចេញពីបេះដូងពិតប្រាកដរបស់លោក ជាហេតុធ្វើឲ្យមហាជនចាត់ទុកលោកថាគឺជាមន្ត្រីដ៏គំរូម្នាក់ ដែលគួរឲ្យគោរពស្រឡាញ់។
ប៉ុន្តែ អ្នកដំណើរគ្រប់គ្នាដែលឆ្លងកាត់ទីនោះ ប្រហែលជាមានការងឿងឆ្ងល់ជាខ្លាំងហើយ ព្រោះថាមួយរយៈចុងក្រោយនេះ បាត់មុខលោកពុំឃើញមកជួយសម្រួលចរាចរណ៍ដូចមុនទៀត។ តែយ៉ាងណា ការបាត់មុខនេះ ក៏ព្រោះតែលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ និងបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក៏ទទួលដំណឹងថា នឹងត្រៀមបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យសុរិន្ទ នាល្ងាចនេះផងដែរ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ រ៉ា នូ បានបង្ហោះអំពាវនាវដល់សប្បុសជនមេត្តាជួយដល់លោកពូ ដោយអ្នកស្រីបានរៀបរាប់ឲ្យដឹងថា៖ «នាងខ្ញុំសូមអធ្យាស្រ័យ..សូមរំខាន មិត្តភក្តិ..បងប្អូនទាំងអស់ដែលរស់នៅខណ្ឌច្បារអំពៅយើង..ថាច្បាស់ជាធ្លាប់ឃើញ…ធ្លាប់ស្គាល់..ព្រោះគាត់តែងតែឈរហាលភ្លៀង..ហាលខ្យល់..ហាលក្តៅ…តែឥឡូវនេះបាត់រូបគាត់មិនឃើញឈរធ្វើចរាចរណ៍នៅលើផ្លូវទៀតទេ..ដោយគាត់មានជំងឺជាទម្ងន់..ហើយក៏មានការខ្វះខាតថវិកាសម្រាប់ការព្យាបាលជំងឺ…សូមជួយគាត់ផង…ៗៗៗ បើបងមានសប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់សូមទំនាក់ទំនងលេខ ទូរស័ព្ទ.. ០៧៧ ៨៧ ៩៧ ៧៧ សូមអរគុណ (ABA: 000473292 KEO MARINOU»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង